ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម ២.បញ្ហាបន្លែ សាច់គោ និងស្រូវចុះថោកជាដើម ដែលប៉ះពាល់ដល់អ្នកដាំដុះ និងអ្នកចិញ្ចឹម។
ជុំវិញនឹងបញ្ហាប្រឈមទាំងអស់នេះ ឯកឧត្តមបណ្ឌិត ពិតជាបានយល់ច្បាស់ ពីព្រោះលោកក៏ជាកូនកសិករ និងធ្លាប់ធ្វើកសិកម្មពីមុនមកដែរ។ ឯកឧត្តមបណ្ឌិតប្រធានសមាគមដឹងយ៉ាងច្បាស់ថា «កសិករគឺជាក្រុម ដែលហ៊ានទទួលយកហានិភ័យខ្ពស់ជាងគេ ក្នុងមុខរបររបស់ខ្លួន» ដែលហានិភ័យទាំងនោះ អាចកើតឡើងតាំងពីពេលដាំដុះរហូតដល់ការលក់ចេញដូចជា៖ ហានិភ័យគ្រោះធម្មជាតិ ហានិភ័យប្រែប្រួលផ្នែកពាណិជ្ជកម្ម និងហានិភ័យទីផ្សារជាដើម ដែលហានិភ័យទាំងអស់នេះសុទ្ធតែជាកត្តាធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ឬថ្លៃទិន្នផល។
ដោយហេតុនេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនបោះបង់កសិករចោលឡើយ ពោលមានតែពង្រឹងការយកចិត្តទុកដាក់ និងនៅជាប់ជានិច្ចជាមួយបងប្អូនកសិករ។ ពីខាងចំណែករបស់បងប្អូនកសិករវិញ លោកបណ្ឌិតប្រធានសមាគម បានស្នើសុំឱ្យ (១) មានការតស៊ូព្យាយាម ភាពអត់ធ្មត់ខ្ពស់ (២) ប្រែក្លាយខ្លួនពីកសិករចិញ្ចឹមឆ្នាំង ទៅជាកសិករសហគ្រិន ដែលដឹងច្បាស់លាស់ពីចំណេញខាត និងដឹងថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ទើបអាចកំណត់ថ្លៃលក់បាន (៣) ប្រសិនបើអាចសូមធ្វើកសិកម្មបែបចម្រុះ ដែលមានភាពប្រទាក់ក្រឡាគ្នា និង (៤) ជាពិសេសបងប្អូនទាំងអស់ត្រូវរៀនសម្របខ្លួន ជាមួយនឹងកសិកម្មក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានចង្អុលបង្ហាញដល់បងប្អូនប្រជាកសិករ ត្រូវមានការចងក្រងគ្នាជាបណ្តាញឱ្យបានរឹងមាំ ដើម្បីការពារមុខរបរ និងសម្លេងរបស់កសិករ ជាក់ស្តែងយើងមានសមាគមបណ្តាញកសិករតេជោ ដែលមានលោកបណ្ឌិតជាប្រធាន ដែលសមាគមនេះបង្កើតឡើង ក្នុងគោលបំណងចូលរួមការអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេសការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារផលិតផលកសិកម្ម។ ដូចនេះ សូមបងប្អូនចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ដែលជាស្ពាន (១) តភ្ជាប់ឱកាសទីផ្សារជូនកសិករ (២) តភ្ជាប់បច្ចេកទេសជូនកសិករ (មានគុណភាពនិងកាត់បន្ថយថ្លៃដើម) (៣) តភ្ជាប់កសិករទៅនឹងពាណិជកម្ម ដែលមិនមានការកេងចំណេញពីកសិករដោយអយុត្តិធម៌ និង (៤) ចម្លងសម្លេងកង្វល់របស់បងប្អូនកសិករជូនថ្នាក់ដឹកនាំ។
ឯកឧត្តមបណ្ឌិតប្រធានសមាគម បានគូសរំលេចអំពីកង្វល់របស់បងប្អូនកសិករមានច្រើនតែគេអាចសង្ខេបបាន ៤ គឺ (១) បញ្ហាថ្លៃកសិផលគ្មានស្ថិរភាព (២) បញ្ហាធាតុចូលកសិកម្ម (ពូជ ជី ថ្នាំ…) មានតម្លៃប្រែប្រួលកើនឡើង (៣) បញ្ហាលើការស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ និង (៤) បញ្ហាទីផ្សារកសិផលរបស់ខ្លួននៅពេលចាប់ផ្តើមប្រមូលផល។
ឯកឧត្តមបណ្ឌិតប្រធានសមាគម បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាកសិករថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈមទាំងនេះជាជំហានៗ បងប្អូនកសិករយើងវិញត្រូវពង្រឹងផលិតផលរបស់ខ្លួន ឱ្យមានគុណភាពខ្ពស់ និងរកវិធីកាត់បន្ថយថ្លៃដើមឱ្យនៅទាប កាលណាផលិតផលមានគុណភាពរួមផ្សំនឹងថ្លៃដើមផលិតទាប នោះនឹងធ្វើឱ្យយើងមានភាពប្រកួតប្រជែងខ្ពស់ជាមួយកសិផលនាំចូល ដែលធ្វើឱ្យផលិតផលយើងលក់ដាច់ក្នុងទីផ្សារ ហើយប្រកួតប្រជែងដោយស្មើភាពផងដែរ៕