ឯកឧត្តមរដ្ឋមន្ដ្រី កែវ រតនៈ៖ ការដ្ឋានរ៉ែមាស នៅខេត្ដមណ្ឌលគិរី កំពុងផ្តល់ការងារ៦៥០កន្លែង ដែល៩០%ជាខ្មែរ និងផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លារ


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវស្នាមញញឹមនៃក្តីសង្ឃឹម និងការពេញចិត្តរបស់វិស្វករ និងបងប្អូនកម្មករ កម្មការិនីខ្មែរ នៅការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូក្វាវ ខេត្តមណ្ឌលគិរី។

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា «គម្រោងនេះ កំពុងផ្តល់ការងារ៦៥០កន្លែង ដែលក្នុងនេះ៩០%ជាខ្មែរយើង ហើយបានផ្តល់ចំណូលថវិកាជាតិ រាប់រយលានដុល្លាររួចហើយ»

សូមជម្រាបថា ក្រសួងរ៉ែ និងថាមពល រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី និងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ៕