ក្នុងពិធីជួបជាមួយអាជ្ញាធរឃុំនីពេជ ស្រុកកំពង់ស្វាយ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកទឹកចិត្តឱ្យអាជ្ញាធរ ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយបេះដូងនិងឆន្ទះ។
លោកជំទាវបានថ្លែងអំណរគុណ និងគាំទ្រទៅដល់អាជ្ញាធរឃុំនីពេជ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ហើយ ទទួលបានការគាំទ្រសំណាក់ប្រជាពលរដ្ឋ។
លោកជំទាវ បានលើកទឹកចិត្តឱ្យអាជ្ញាធរឃុំបន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងសហការគ្នាបន្តបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដោយបេះដូង និងឆន្ទះឲ្យបានល្អ ជាពិសេសលើ ការងារអភិវឌ្ឍន៍ភូមិ ឃុំ ការងារឯកសារបែបបទពាក់ព័ន្ធជាមួយប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងរួមគ្នាក្នុងការ ចូលរួមពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ប្រកបដោយសុឆន្ទៈ សមត្ថភាព គុណធម៌ និងចរិតលក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍសហគមន៍ ភូមិ ឃុំ សង្កាត់ របស់ខ្លួន។
លោកជំទាវបានជំរុញដល់អាជ្ញាធរឃុំ បន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយពីវិនាសកម្មការប្រើប្រាស់គ្រឿងញៀន បញ្ហាគោរពច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាល្បែងស៊ីសង និងការដោះ ស្រាយបញ្ហាប្រឈមនៅមូលដ្ឋានបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ។
លោកជំទាវ ឃួន ឃុនឌី សូមឲ្យអាជ្ញាធរចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋពីការធ្វើអនាម័យឲ្យបានល្អ ដើម្បីជៀសវាង កើតមានជំងឺផ្សេងៗ និងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំ ឲ្យលេងទឹកដើម្បីបង្ការ និងទប់ស្កាត់នូវ គ្រោះថ្នាក់ដល់អាយុជីវិត៕