លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ គណៈកម្មការអាចារ្យវត្ត ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលដំបូលវិហារវត្តកំពង់ត្រឡាចលើ ដំណាក់កាលទីមួយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ។
នាឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញក្រសួង និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ផងដែរថា ដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ គឺត្រូវបានបើកការដ្ឋានជួសជុលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការជួសជុលព្រះវិហារវត្តកំពង់ត្រឡាចនាពេល នេះ គឺជាគោលនយោបាយ របស់ក្រសួងក្នុងការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ ដេីម្បីទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់នូវស្នាដៃដ៏អស្ចារ្យរបស់ដូនតា ។ សូមជម្រាបជូនផងដែរថា ព្រះវិហារវត្តកំពង់ត្រឡាចលេី គឺជាព្រះវិហារបុរាណ ដែលមានអាយុកាល ជាង ១០០ឆ្នាំ។
បន្តពីនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រ នៅក្នុងសហគមន៍ ដែលស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងជំនាញវិជ្ជាជីវៈដូនតា (សាជី) ដល់អ្នកបន្តវេន ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។
ចុងបញ្ចប់នៃកម្មវិធីសំណេះសំណាលខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេនដែលកំពុងសិក្សាលើជំនាញវិជ្ជាជីវៈដូនតាមួយនេះទៀតផង៕