អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ជ្រាបថា នាវេលាម៉ោង១០.៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងយោធាចម្រុះថៃ បានរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើគ្រឿងចក្រឈូស ឆាយដី រួចធ្វើសកម្មភាពរាវមីន លើដីដែលពួកគេបានព័ទ្ធរបងលួស កាលទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លីនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្កោលទោសយ៉ាងដាច់អហង្កការចំពោះសកម្មភាព ដ៏គឃ្លីន និងអមនុស្សធម៌របស់កងកម្លាំងចម្រុះយោធាថៃ មកលើព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលជាការបំពាន សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភលើ MOU ឆ្នាំ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់គណកម្មការ ចម្រុះព្រំដែន (JBC)៕