លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និង ឧកញ៉ា គុយ លាងគី សប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានដង្ហែរទៅកាន់វត្តឥន្ទ្របត្តបុរី ហៅវត្តអង្គរតូចខាងត្បូង ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ។
នាឱកាសនោះលោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល ៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិស័ទបានដែរ។
លោកជំទាវបន្តថា បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
ព្រះគ្រូចៅអធិការវត្តឥន្ទ្របត្តបុរី ហៅវត្តអង្គរតូចខាងត្បូង មានថេរដិកាថា បច្ច័យដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ព្រះសង្ឃ បច័្ចយមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អព្រះវិហារ កុដិ សាលាឆាន់ ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារក្នុងវត្តផងដែរ។
ពាក់ព័ន្ធទៅនឹងអង្គកឋិនទាននេះដែរព្រះចៅអធិការវត្តបានពន្យល់ថា បុណ្យកឋិនជាពិធីបែបព្រះពុទ្ធសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនណាមួយហែរចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
ព្រះគ្រូចៅអធិការបន្តថា អង្គកឋិនទានបានកើតឡើងដូចជា (១) ដោយសារជីដូនជីតាប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថាកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រងនិងអ្នកអនុមោទនាផង (២) ដោយហេតុបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានរៀនសូត្រធម៌វិន័យ ប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ព្រះពុទ្ឋសាសនា (៣) ដោយប្រជាពុទ្ធបរិស័បានមើលឃើញអំពីហេដ្ឋារចនាសម្ព័ន្ឋវត្តមានអាយុកាលចំណាស់ និងរងនូវភាពទ្រុឌទ្រោមជាអន្លើៗ ខ្វះខាតទីសេនាសេនៈសម្រាប់ព្រះសង្ឃ និង(៤) ប្រជាពុទ្ឋបរិស័ទ បានឈ្វេងយល់នូវអាយុសង្ខាររបស់ខ្លួនមិនទៀងស្ថិតស្ថេរឡើយ ក៏នាំគ្នាសន្សំបុណ្យទានសម្រាប់ជាតិមុខរបស់ពួកគាត់រៀងៗខ្លួន៕