នាព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម ដោយមានវត្តមានចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥រាជធានី-ខេត្ត។
សូមជម្រាបថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលបានដាក់ចេញ ដោយសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលការងារសំខាន់ៗជាច្រើន ហើយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្រោមកិច្ចសហកាយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ រហូតសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ស្របតាមផែនការដែលបានគ្រោងទុក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ របស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព ដើម្បីឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម (២០២៤-២០២៨) ជាពិសេសការងារសាងសង់ទំនប់អាងទឹក ការងារជួសជុល និងថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ដើម្បីធានានូវសន្តិសុខទឹកបម្រើឱ្យពហុវិស័យ ជាអាទិ៍ វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន៕