ឯកឧត្តម​​ ថោ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងាររយៈពេល ៩ខែ​ និង​លើកទិសដៅអនុវត្តបន្ត​ ​ឆ្នាំ​២០២៥​ របស់ក្រសួងធនធានទឹក និង​ឧតុនិយម​


នាព្រឹកថ្ងៃសុក្រ​ ៩រោច ខែ​អស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥នេះ​ នៅសាលប្រជុំរំដួល​នៃទីស្ដីការក្រសួង​​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងាររយៈពេល ៩ខែ​ និង​លើកទិសដៅអនុវត្តបន្ត​ ឆ្នាំ​២០២៥​ របស់ក្រសួងធនធានទឹក និង​ឧតុនិយម​ ដោយ​មានវត្តមានចូលរួមពី​ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃ​ក្រសួងធនធានទឹក និង​ឧតុនិយម​ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ និង​អាជ្ញាធរទន្លេសាប ព្រមទាំង​​​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​​​ទាំង ២៥​រាជធានី-ខេត្ត។​​

សូមជម្រាបថា​ ក្នុងរយៈពេល​ ៩ខែ​​ ឆ្នាំ​២០២៥​ នេះ​ ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអនុវត្តយ៉ាងសកម្ម​​នូ​វផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែ​លបានដាក់ចេញ​​ ​ដោយ​សម្រេចបាននូវ​​​វឌ្ឍនភាព និង​សមិទ្ធផលការងារ​សំខាន់ៗជាច្រើន ​​ហើយដែលបាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក​ដល់ការ​អនុវត្តគោលនយោបាយ និង​​​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧​​ នៃរដ្ឋសភា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ​​​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំ​ ឯកឧត្តម​រដ្ឋមន្ត្រី​​ បានថ្លែង​កោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់​ ក្រោមកិច្ចសហកាយ៉ាងជិតស្និទ្ធជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធ និង​ដៃគូអភិវឌ្ឍន៍​ ​រហូតសម្រេចបាននូវ​វឌ្ឍនភាព និង​​សមិទ្ធផលជា​ច្រើន​ ​​ស្របតាមផែនការដែលបានគ្រោងទុក។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និង​មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ របស់​ក្រសួង និងមន្ទីរធនធានទឹក និង​ឧតុនិយម​ ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព ដើម្បីឱ្យសម្រេចបាន​សមិទ្ធផលថ្មីៗ​បន្ថែមទៀត​ ស្របតាមផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និង​ឧតុនិយម​ (២០២៤-២០២៨) ជាពិសេសការងារសាងសង់ទំនប់​អាងទឹក ការងារ​​​ជួសជុល និងថែទាំជា​ប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ដើម្បីធានានូវសន្តិសុខទឹក​​​បម្រើឱ្យពហុវិស័យ​ ជាអាទិ៍​ វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍​ និង​​ការ​​​ប្រើប្រាស់ក្នុងជីវភាព​ប្រចាំថ្ងៃ ប្រកបដោយនិរន្តរភាព​ និង​បរិយាបន្ន​៕