ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលស្ងាត់តែមិនបាននៅស្ងៀមនោះទេ គឺបានគិតគ្រប់មុខព្រួញទាំងអស់ដើម្បីដោះស្រាយ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ និងមានគោលដៅសំខាន់គឺការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញនូវបរិស្ថានដែលអាចឱ្យប្រជាជនរស់នៅបានល្អប្រសើរឡើងវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់ ២,៣០០លានដុល្លារសហអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ជាមួយនឹងបញ្ហាជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា « បងប្អូនខ្លះអាចគិតថា រដ្ឋាភិបាលស្ងាត់ស្ងៀមពេក ស្លូតពេកក៏ថាចុះ បងប្អូនខ្លះអាចគិតអញ្ចេះ គិតអញ្ចុះ ចង់ដោះនេះ ចង់ដោះនោះ ខ្ញុំមិនអាចតម្រូវចិត្តគ្រប់គ្នានោះទេ ប៉ុន្តែអ្វីដែលខ្ញុំសុំបញ្ជាក់ឱ្យបងប្អូនបានយល់គឺចក្ខុវិស័យ និងទិសដៅ អភិក្រមនៃការដោះស្រាយរបស់យើង និងគោលដៅសំខាន់គឺការការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញនូវបរិស្ថានដែលអាចឱ្យប្រជាជនរស់នៅដោយមិនបាច់តឹងទ្រូងបន្តទៀត»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អ្នកដោះស្រាយគឺមើលគ្រប់កន្លែងទាំងអស់ គិតទាំងអស់ទាំងសភាពការណ៍នៅជួរមុខត្រូវដោះស្រាយយ៉ាងណា, ជនភៀសខ្លួនដែលតម្រូវឱ្យទៅស្នាក់នៅកន្លែងផ្សេងដែលធ្វើឱ្យបាត់បង់ការងារត្រូវជួយយ៉ាងមិច, ស្វែងរកវិធីដោះស្រាយលើបញ្ហាពលរដ្ឋថៃត្រឡប់ចូលប្រទេសវិញ ត្រូវរកវិធីជួយដោះស្រាយរឿងការងារជូន គឺរដ្ឋាភិបាលគិតគ្រប់ទិដ្ឋភាពទាំងអស់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពបញ្ជាក់ទៀតថា ក្នុងរយៈពេលជម្លោះព្រំដែនជាមួយថៃ ក្នុងរយៈពេល ៣ខែនេះ រាជរដ្ឋាភិបាលស្ងាត់តែមិននៅស្ងៀមនោះទេ គឺគ្រប់ផ្នែកទាំងអស់រួមគ្នាជួយដោះស្រាយបញ្ហាជាមួយគ្នា ហើយអ្វីដែលពិសេសនោះគឺចង់ស្តារស្ថានការណ៍ ដើម្បីកិច្ចការដោះស្រាយបញ្ហាព្រំដែននេះបានចប់ ឈប់តឹងទ្រូងបន្តទៅទៀត ហើយឈានទៅរកការដោះស្តាយបញ្ហាជាមួយគ្នាដោយសន្តិវិធី តាមគោលការណ៍ដែលធ្លាប់មានជាមួយគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ស្ថានភាពព្រំដែន និងការប្រែប្រួលជាបន្តទៅទៀត ដោយសម្តេចបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយរដ្ឋាភិបាលកម្ពុជា គឺចង់បញ្ចប់បញ្ហា ចង់បញ្ចប់ជម្លោះ និងការពារប្រជាពលរដ្ឋ ការពារទឹកដី ការពារកងទ័ព ដោយរកវិធីនៅក្នុងការដោះស្រាយបញ្ហាដែនអធិបតេយ្យភាពទឹកដី តាមរយៈការមិនប្រើប្រាស់កម្លាំង និងងាកមកប្រើប្រាស់យន្តការច្បាប់ យន្តការទ្វេរភាគី កិច្ចព្រមព្រៀងដែលមានស្រាប់ អនុសញ្ញា ឫយន្តការអន្តរជាតិដែលចូលរួមបញ្ចប់ជម្លោះនេះផងដែរ៕