សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋជ្រើសយកប្រភពព័ត៌មានច្បាស់លាស់ ជៀសវាងហានិភ័យពីព័ត៌មានមិនពិត, ហើយអាជ្ញាធរមូលដ្ឋានត្រូវចេញពន្យល់ភ្លាមៗ ករណីរកឃើញថាព័ត៌មាននោះមិនពិត


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវប្រជាពលរដ្ឋជ្រើសយកប្រភពព័ត៌មានច្បាស់លាស់ ជឿវាងហានិភ័យពីព័ត៌មានមិនពិត, ហើយអាជ្ញាធរមូលដ្ឋានត្រូវចេញពន្យល់ភ្លាមៗ ករណីរកឃើញថាព័ត៌មាននោះមិនពិត។

ការថ្លែងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនាឱកាសដែរ សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ។​

ចំពោះមុខអង្គពិធី, សម្ដេចបវរធិបតី បានថ្លែងអំណរគុណសារជាថ្មីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗជាច្រើន ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា​និងថៃ។

បន្ថែមពីនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះមកប្រមូលព័ត៌មាន និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ដែលកើតឡើងពិតក្នុងជម្លោះព្រំដែននេះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្ដាញសារព័ត៌មានទាំងអស់ ត្រូវជៀសវាងនូវការផ្សព្វផ្សាយនូវព័ត៌មានដែលមិនពិត ក្នុងទិសដៅបង្កើនកម្ដៅបន្ថែម ធ្វើឱ្យកាន់តែជ្រួលច្របល់ ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកំពុងតែខិតខំសម្របសម្រួលដោយសន្តិវិធី។

ក្នុងនោះ សម្ដេចបវរធិបតី បានមានប្រសាសន៍ដូច្នេះថា៖ «បណ្ដាញសារព័ត៌មាន ត្រូវព្យាយាមជៀសវាងការផ្សព្វផ្សាយដែលនាំឱ្យកើនកម្ដៅ…ជាពិសេសពាក់ព័ន្ធនឹងបញ្ហាទឹកដី ឃើញឈូសអីបន្ដិចថាដីខ្មែរ កន្លែងយើងគឹមានអ្នកសង្កេតការណ៍ អាជ្ញាធរ កងកម្លាំងយើងនៅមុខមើលគ្រប់កន្លែងទាំងអស់។ កន្លែងដែលមិនទាន់ដាច់ស្រេច យើងនឹងដោះស្រាយតាមយន្តការ GBC ហើយក្នុងដីគេៗធ្វើអីជាសិទ្ធិគេ ដូចនៅក្នុងដីយើង យើងធ្វើអីជារឿងរបស់យើង ចំពោះកន្លែងដែលដាច់ស្រេចរួចហើយ។ ដូច្នេះសូមកុំមានការយល់ច្រឡំ»

«ជាក់ស្ដែង យើងមានអូរមួយរួចហើយដែលកំណត់ (ព្រំដែនទឹក) ម្ខាងជារបស់យើង ហើយខាងថៃគេឈូសខាងដីគេ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមបែរជាបង្ហោះថា យើងឱ្យថៃឈូសឆាយនៅលើដីខ្លួនឯង ដែលជាព័ត៌មានមិនពិតនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ត្រី នៅតែអំពាវនាវដល់បងប្អូនអ្នកលេងបណ្ដាញសង្គមទាំងអស់ ត្រូវស្រាវជ្រាវពីប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជឿ ឬអាចធ្វើការតាមដានព័ត៌មាននៅលើគណនីផ្លូវការរបស់រាជរដ្ឋាភិបាល ពីព្រោះព័ត៌មានដែលរដ្ឋាភិបាលបញ្ចេញ ជាព័ត៌មានដែលរដ្ឋាភិបាលទទួលខុសត្រូវ ហើយភស្ដុតាងមានបញ្ជាក់ច្បាស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចេញស្រាយបំភ្លឺ និងពន្យល់ភ្លាមៗ ប្រសិនជារកឃើញថាព័ត៌មានដែលបង្ហោះនៅមូលដ្ឋានរបស់ខ្លួន មិនមានទឡ្ហីករណ៍ច្បាស់លាស់ ដែលនាំឱ្យប្រជាពលរដ្ឋយល់ច្រឡំខុសលើរាជរដ្ឋាភិបាល៕