សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្មានការលក់ដូរទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ព្រលានចាស់) ទៅឱ្យឯកជនជាដាច់ខាត, រដ្ឋនៅតែគ្រប់គ្រង និងរៀបចំសម្រាប់បម្រើឱ្យប្រយោជន៍ប្រជាជន


ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ច្បាស់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍តុង) រដ្ឋគ្មានផែនការលក់ដូរទៅឯកជននោះឡើយ នៅតែជាអចលនទ្រព្យ ដែលគ្រប់គ្រងដោយរដ្ឋដដែល មានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ជាអ្នកថែទាំ។

សម្តេចបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចនឹងត្រូវបម្រុងទុកក្នុងគោលដៅចំនួនពីរ គឺ​សម្រាប់​ចុះ​ចត​យន្តហោះ​ម្តង​ម្នាល ​នៅ​ពេល​មាន​កកស្ទះ ឬ​មាន​ហា​និ​យ​ភ័យ​នៅ​ព្រ​លាន​យន្ត​ថ្មី និង២. ​ធ្វើ​ជា​សួន​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដូច​ជា​កន្លែង​សម្រាប់​លំហែកាយ​។

បន្ថែមពីនេះ សម្តេចបញ្ជាក់ថា សម្រាប់អគារដែលមានក្នុងព្រលានយន្តហោះចាស់នេះ អាចនឹងប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលរដ្ឋសហការជាមួយឯកជន ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម សម្រាប់បម្រើដល់ការថែទាំទីតាំងនេះ ប៉ុន្តែរៀបចំនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផ្លូវរត់យន្តហោះនោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថា សម្រាប់អគារកន្លះអាចរៀបចំបង្កើតឱ្យក្លាយជាសារមន្ទីរផងដែរ ព្រោះព្រលានយន្ដពោធិ៍ជិនតុងនេះ ជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោតម្ត សីហនុ ដូច្នេះត្រូវថែរក្សាទុកឲ្យបានល្អ។

ការថ្លែងបញ្ជាក់ជាថ្មីរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់ ២,៣០០លានដុល្លារសហអាមេរិក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ទីតាំងព្រលានយន្តហោះចាស់ គឺអត់លក់ឱ្យឯកជនទេ គឺនៅរបស់រដ្ឋ។ ការគ្រប់គ្រងប្រើប្រាស់សម្រាប់ជាពីសបម្រុង (ផ្លូវរត់យន្តហោះ) និងរៀបចំជាសួនសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋទៅលេង ហាត់ប្រាណជាដើម ហើយយើងនឹងរៀបចំទីតាំងមួយចំនួន សម្រាប់ជាសកម្មភាពសេដ្ឋកិច្ច ជាសារមន្ទីរ ប៉ុន្តែទីតាំងទាំងមូលនៅតែជារបស់រដ្ឋ»

សម្តេចបញ្ជាក់ទៀតថា សម្រាប់ទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ បើគិតជាតម្លៃអចលនទ្រព្យ មានចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ុន្តែបើប្រៀបធៀបទីតាំងដែលផ្តល់អត្ថប្រយោជន៍រាប់ឆ្នាំសម្រាប់កម្ពុជានោះ គឺមិនអាចប្រៀបធៀបបានទេ គឺមានតម្លៃមហិមា។

សូមជម្រាបថា បន្ទាប់ពីឈរជើងប្រតិបត្តិការទទួលអ្នកដំណើរចេញ-ចូលកម្ពុជាជិត៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទដំណើរការទាំងស្រុង នៅម៉ោង០០៖០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើមឡើយមានឈ្មោះថា «អាកាសយានដ្ឋាន អន្តរជាតិពោធិ៍ចិនតុង» ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៤ លើផ្ទៃដីសរុបទំហំ ៣៨៦.៥០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីចំណុចកណ្តាលរាជធានីភ្នំពេញ និងបានចាប់ផ្តើមបើកឱ្យដំណើរការដំបូងនៅឆ្នាំ ១៩៥៥ ហោះហើរជាលក្ខណៈក្នុងស្រុក និងនៅឆ្នាំ១៩៥៩ អាកាសយានដ្ឋាននេះ ត្រូវបានពង្រឹង និងកែលម្អសម្រាប់ការហោះហើរជាលក្ខណៈអន្តរជាតិ។

ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង មានដើមកំណើតនៃការចាប់ផ្តើមសាងសង់ដំបូង តាំងពីសម័យកាន់កាប់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ ដោយកាលនោះមានព្រលានយន្តហោះជាច្រើន រួមទាំងព្រលានយន្តហោះពោធិ៍ចិនតុងផងនោះ ត្រូវបានកសាងឡើងដោយការប្រើកម្លាំងពលកម្មបង្ខំ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣ ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហនុ បានចាប់ផ្តើមកិច្ចខិតខំលើកស្ទួយវិស័យអាកាសចរណ៍ ដោយធ្វើការអភិវឌ្ឍលើទីតាំងពោធិ៍ចិនតុង៕