សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីចិន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី លោក Anwar Ibrahim ដែលផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងតាមដានជាប់ពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។
ការថ្លែងអំណរគុណរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ស្ថិតនៅខេត្តកណ្តាល។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាល ដោយយើងមិនបោះបង់ចោលសិទ្ធិចរចារឿងព្រំដែននោះទេ ហើយសម្តេចក៏បានស្នើអោយអ្នកនយោបាយគ្រប់និន្នាការ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម់ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះអរគុណទៅដល់ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើម និងជួយឱ្យមានបទឈប់បាញ់ ហើយបន្តិចទៀតនឹងអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅម៉ាឡេស៉ី បើសិនគ្មានអីប្រែប្រួល។ អរគុណដល់ថ្នាក់ដឹកនាំចិន ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ និងអរគុណជាពិសេសឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី…!»។
បើតាមសម្តេចបវធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងក្នុងនាមជាប្រធានអាស៊ាន បានចូលរួមយ៉ាងសកម្មដើម្បីផ្តួចផ្តើមឱ្យមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ តាំងពីថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែ មិនបានសម្រេចរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទើបបទបាញ់រវាងកងទ័ពទាំងពីរបានចុះជាធរមាន។ បន្ថែមពីនេះ បើទោះបីបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន ក៏ដោយ តែនាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍វិវត្តន៍ថ្មីៗនៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដើម្បីធ្វើយ៉ាងសម្របសម្រួលស្ថានការណ៍កើតមានទាំងនេះឱ្យមានប្រក្រតីភាពឡើងវិញ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន លោក Anwar Ibrahim បានចូលរួមសម្របសម្រួលបញ្ហាផ្ទុះខ្លាំងរវាងកម្ពុជា និងថៃ ក្រោយបទឈប់បាញ់ពោលគឺស្ថានការកងទ័ពថៃ ចូលមករាយបន្លាលួសថ្មីនៅភូមិព្រៃ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងសកម្មភាពជាច្រើនទៀតរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៉ី ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលាចំពោះទីតាំងតាមបណ្តោយព្រំដែនដែលកំពុងឡើងកម្តៅជាដើម។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន IOT ដែលចូលរួមផ្តល់ការគាំទ្រ ចូលរួមសង្កេតការណ៍ ទប់ស្កាត់ការផ្ទុះអាវុធឡើងវិញ។ បន្ថែមពីនេះ ក៏សង្ឃឹមថានឹងមានការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT ក្នុងពេលឆាប់ៗនេះ ដើម្បីមកចូលរួមត្រួតពិនិត្យកិច្ចការផ្សេងៗ ឈានទៅដល់ការស្តារឡើងវិញ និងបញ្ចប់ជាស្ថាពរ ព្រមទាំងបង្កើតឱ្យសន្តិភាពនៅតាមព្រំដែនឡើងផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតាមបណ្តាប្រទេសជាច្រើនទៀត អគ្គលេខាធិការអង្គការសហប្រជាតិ ដែលចូលរួមជំរុញឱ្យមានបទឈប់បាញ់រវាងកងទ័ពទាំងពីរឱ្យបានឆាប់រហ័ស។ ព្រមទាំងអរគុណដល់បណ្តាញអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិទាំងអស់ ដែលបានផ្សព្វផ្សាយការពិតពីស្ថានភាពនៅកម្ពុជា ឱ្យពិភពលោកបានស្គាល់។
គួរឱ្យដឹងក្រោមគំនិតផ្តួចផ្តើមរបស់លោក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌ ដោយអនុវត្តចាប់ពីកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចចរចនេះត្រូវបានប្រកាសរៀបចំឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យភាគីជម្លោះទាំង២ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកផ្ទាល់ជឿថា កម្ពុជា-ថៃ ចង់ផ្សះផ្សាជម្លោះនឹងគ្នា បន្ទាប់ពីរូបលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា លោកនឹងមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំង២ លុះត្រាតែការវាយប្រយុទ្ធគ្នាបិទបញ្ចប់៕