សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ សូមបន្តទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ខណៈបញ្ហាព្រំដែននៅមិនទាន់បញ្ចប់ដាច់ស្រេចរួចរាល់ ដែលទាមទារឲ្យមានសាមគ្គីផ្ទៃក្នុងពីគ្រប់មជ្ឈដ្ឋាន។ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្ដេច អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា ខណៈដែលជម្លោះនៅមិនទាន់បានបញ្ចប់ទាំងស្រុង ភាពចាំបាច់នៃការលាក់ការសម្ងាត់របស់យោធានៅតែមាន ដូច្នេះអ្វីដែលចាំបាច់ត្រូវការការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះគឺ ការបន្តជឿទុកចិត្តលើករាជរដ្ឋាភិបាល ឲ្យសមតម្លៃនៃការលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់របស់វីរៈកងទ័ពខ្មែរ ដើម្បីការពារទឹកដីរបស់យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំបញ្ជាក់ម្ដងទៀត ស្ងៀមស្ងាត់ ស្ងាត់តែមិនស្ងៀម! អភិក្រមដោះ ដោះស្រាយបញ្ហាដែលកើតកន្លែងណា យើងឃ្លុំបេវាកន្លែងហ្នុងកុំឲ្យវារីកប៉ះកន្លែងផ្សេង ព្យាយាមកន្លែងដែលឃ្លុំបេហ្នឹងមិនទុកវាចោលឲ្យឆេះអស់ទេ ចូលទៅដោះស្រាយនៅក្នុងកន្លែងហ្នឹង […] ។ កន្លែងខ្លះមិនបានទាន់ចិត្តដូចបងប្អូននោះទេ ប៉ុន្តែសូមឲ្យមើលតម្លៃនូវអ្វីដែលបានបាត់បង់ នូវអ្វីដែលអាចបាត់បង់ បើយើងដោះស្រាយមិនត្រូវ។ អាយុជីវិតប្រជាពលរដ្ឋ ទ្រព្យសម្បត្តិទឹកដី រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអភិក្រមទាំងអស់ នេះជាអ្វីដែលយើងធ្វើ ហើយសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល សូមបន្តរួមគ្នាមិនថានិន្នាការណាទេ ខ្មែរត្រូវរួមគ្នាទាំងអស់គ្នា កុំឲ្យមានការបែកបាក់សាមគ្គី ឯកភាពជាតិនៅក្នុងពេលនេះ»។
បន្ថែមពីនេះសម្ដេច ក៏បានអំពាវនាវសូមឈប់សួរ ថាបាត់កន្លែងណា បាញ់កន្លែងណា? នៅសមរភូមិមុខ ហើយសូមកុំថាយកទាហានទៅហាលចោល មិចមិនបាញ់កន្លែងនេះ កន្លែងនោះ ខណៈអ្នកដែលស្រែកបែបហ្នឹងភាគច្រើន ៣០០០គីឡូពីព្រំដែន។ ចំណែកអ្នកនៅសមរភូមិមុខពិតប្រាកដ ពួកគាត់ត្រជាក់ជាងអ្នកនៅក្រោយ ហើយតែងចង់ឲ្យបញ្ហាបញ្ចប់ដោយឆាប់រហ័ស។
សម្ដេចទទួលស្គាល់ថា សម្ដេចមិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាទេ ស្របពេលដែលកន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនលើកឡើងថា រាជរដ្ឋាភិបាលស្ងាត់ស្ងៀមពេក ស្លូតពេក ប៉ុន្តែអ្វីដែលសម្ដេចអាចបញ្ជាក់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់បានយល់ នោះគឺចក្ខុវិស័យ និងទិសដៅ នឹងអភិក្រមនៃការដោះស្រាយរបស់រដ្ឋាភិបាល និងគោលដៅសំខាន់ គឺការការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្ដាឡើងវិញនូវបរិស្ថានដែលអាចឲ្យប្រជាជនរស់នៅដោយមិនចាំបាច់តឹងទ្រូងរាល់ថ្ងៃទៀត។
សូមជម្រាបថា អភិក្រមដែលរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនរួមមាន៖ ១. ទប់កុំឱ្យរាលដាលកាន់តែធំ, ២. បញ្ចប់ឱ្យបានលឿន ជៀសវៀងស្លាប់ និងបំផ្លិចបំផ្លាញពលរដ្ឋព្រំដែនផ្ទាល់ និងទី៣. ស្ដារស្ថានការណ៍ព្រំដែនមកប្រក្រតីឡើងវិញ៕