សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កម្ពុជាប្រកាន់យកនូវអភិក្រមចំនួន៣ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយក្នុងនោះ រួមមាន៖ ការទប់ស្កាត់ជម្លោះកុំឱ្យរីករាលដាល, ការកាត់បន្ថយផលប៉ះពាល់ និងការស្តារនូវស្ថានការណ៍ឡើងវិញ។
«អភិក្រមរបស់យើងគឺមាន៣ ក្នុងពេលជាមួយគ្នា (ទី១) គឺកន្លែងណាដែលមានបញ្ហាដូចជាការប្រយុទ្ធគ្នា ដូចជាបាតុភាពនៅបន្ទាយមានជ័យឬយុទ្ធជន១៨នាក់ យើងត្រូវធ្វើយ៉ាងណាទប់កុំឱ្យរីករាលដាល (ទី២)រកវិធីនៅកន្លែងកើតហេតុកាត់បន្ថយនូវផលប៉ះពាល់ដល់ជាអតិបរមាឱ្យបានលឿនបំផុត និង(ទី៣) រកវិធីស្តារឡើងវិញនៅកន្លែងនោះ ពេលជាមួយគ្នាត្រូវរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់»។ នេះបើតាមការបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សម្តេចបានពន្យល់ថា ដូចករណីផ្ទុះអាវុធនៅព្រំដែន នៅថ្ងៃទី២៤ ខែកក្កដា អាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលគឺទប់ស្កាត់កុំឱ្យរីកតាមបន្ទាត់ព្រំដែនក្នុងតំប ន់ឬខេត្តដទៃទៀត។ សម្តេចបានបន្តថា ហើយសម្រាប់កន្លែងណាដែលកើតឡើងនូវជម្លោះ គឺត្រូវព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពកាត់បន្ថយហានិភ័យ និងការបាត់បង់ បញ្ចៀសការស្លាប់បន្ត។
សម្តេចបានបន្តថា ក្នុងទិសដៅនៃអភិក្រមនេះ គឺកម្ពុជាបានអនុវត្ត រហូតដល់មានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា និងបញ្ចៀសបាននូវការផ្ទុះអាវុធបន្តទៀត រយៈពេលជាង៣ខែមកនេះ។ សម្តេចក៏បានបន្តពន្យល់ពាក់ព័ន្ធនឹងការស្តារស្ថានការណ៍ឡើងវិញ គឺធ្វើយ៉ាងណាដើម្បីឱ្យជម្លោះនេះចប់ទាំងស្រុង ដោយក្នុងនោះមានការចរចាជាបន្តបន្ទាប់តាមកិច្ចប្រជុំ GBC និង RBC ជាដើម។
សម្តេចបានរិះគន់អ្នកនយោបាយនៅក្រៅប្រទេសមួយចំនួន ដែលព្យាយាមបញ្ឆេះឱ្យមានសង្គ្រាម ដោយមិនបានគិតដល់ប្រជាពលរដ្ឋនៅព្រំដែន ដែលកំពុងជម្លៀសចេញពីផ្ទះសម្បែង ក្នុងនោះមានទាំងកុមារដែលបាត់បង់ការសិក្សាថែមទៀត។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញក្តីសង្ឃឹមថា នៅពេលខាងមុខនេះ កិច្ជព្រមព្រៀងសន្តិភាព នឹងត្រូវបានចុះហត្ថលេខា រវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីបញ្ចប់ជម្លោះទាំងស្រុងផងដែរ៕