សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យអាកាសចរណ៍ស៊ីវិល ក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការជាមួយក្រុមហ៊ុន​ផ្ដល់សេវាផ្សេងៗនៅគ្រប់អាកាសយាន្ដដ្ឋាន ធានាកុំឲ្យមានបន្ទុកតម្លៃបន្ថែម និងមិនឲ្យបាត់បង់នូវការប្រកួតប្រជែង ត្រូវគិតពីប្រយោជន៍រួមរបស់ជាតិ!


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការជាមួយក្រុមហ៊ុន​ផ្ដល់សេវាផ្សេងៗ នៅគ្រប់អាកាសយាន្ដដ្ឋានឲ្យជាប់ ដើម្បីធានាឲ្យបាននូវការកុំឲ្យ មានបន្ទុកតម្លៃបន្ថែម ធ្វើយ៉ាងណាមិនឲ្យបាត់បង់នូវការប្រកួតប្រជែង របស់អាកាសយានដ្ឋាននោះឡើយ ក្រុមហ៊ុនទាំងអស់ត្រូវគិត ពីប្រយោជន៍ និងការចំណេញរួមរបស់ជាតិ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមឲ្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្រសួងសេដ្ឋកិច្ច ស្ថាប័នពាក់ព័ន្ធ ធ្វើការជាមួយក្រុមហ៊ុនដែលផ្ដល់សេវាផ្សេងៗ នៅគ្រប់អាកាសយាន្ដដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាធានាកុំឲ្យមានបន្ទុក និងមិនបាត់បង់នូវការប្រកួតប្រជែង ព្រោះនេះជាផលិតផលវិស័យឯកជន ដែលត្រូវប្រកួតប្រជែងជាមួយព្រលានយន្ដហោះជិតខាង សម្រាប់ព្រលានយន្ដហោះពីនេះ ទៅប្រទេសជិតខាងមិនឆ្ងាយប៉ុន្មាននោះទេ ដូច្នេះគេមានជម្រើសអីចឹងសូមធ្វើយ៉ាងណាទាក់ទាញ ការហោះហើរកន្លែងនេះឲ្យសេវាកាន់តែប្រសើរ, ប្រសិទ្ធិភាព សម្រាប់មនុស្ស និងទំនិញ ជាមួយនឹងតម្លៃសមរម្យអាចទទួលយកបាន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា នៅព្រលានយន្ដហោះអន្តរជាតិតេជោនេះ ធ្វើយ៉ាងណាសូមរក្សាសេវាកម្មអ្វីក៏ដោយ កុំឲ្យបន្ថែមបន្ទុកតម្លៃ។ ជាក់ស្ដែងថ្មីៗនេះបានឲ្យចរចារជាមួយក្រុមហ៊ុនសន្ដិសុខមួយឈ្មោះសកម្មឲ្យលុបចោល […….] ដែលក្រុមហ៊ុននេះត្រូវបានអាកាសចរណ៍ស៊ីវិល សូមគោលការណ៍ឲ្យធ្វើការជាមួយព្រលាននីមួយៗ ដើម្បីចរចារតម្លៃ ដូច្នេះទុកឲ្យវិស័យឯកជនចរចារ ដូច្នេះក្រុមហ៊ុនសន្ដិសុខឈ្មោះសកម្មនេះ បានទៅចរចារជាមួយព្រលានយន្ដហោះនៅទីនេះ និងព្រលានយន្ដហោះនៅសៀមរាប ដើម្បីកំណត់តម្លៃទៅឲ្យវិស័យឯកជន។

សម្ដេចមហាបវរធិបតីបា​នបន្ដថា ចំពោះរដ្ឋដាក់បន្ទុកតែស្ដង់ដារប៉ុណ្ណោះ ចំណែកឯកជនត្រូវទទួលខុសត្រូវលើវិស័យឯកជន ដូចសន្ដិសុខជាដើមជាបន្ទុករបស់វិស័យឯកជន និងត្រូវធ្វើយ៉ាងណាកុំឲ្យបាត់ភាពប្រកួតប្រជែងព្រលានយន្ដហោះនៅទីនេះ។ ចំពោះតម្លៃយើងពេលខ្លះខ្ពស់ជាងតម្លៃ នៃព្រលានយន្ដហោះខាងក្រៅផ្សេងទៀត ដូច្នេះសូមកុំឲ្យ ឬកុំដាក់បន្ទុកតម្លៃហោះហើរ ព្រោះព្រលានយន្ដហោះនៅទីនេះ មិនទាន់មានការហោះហើរច្រើននោះទេ ដូច្នេះប្រសិនបើដាក់តម្លៃបន្ទុកបន្ថែមនោះធ្វើឲ្យតម្លៃកាន់តែខ្លាំង ដែលធ្វើឲ្យគេអាចកាត់ជើងហោះហើរមកទីនេះ ដោយឡែកចំពោះទំនិញក៏អាចនឹងរុញតាមប្រទេសជិតខាង ដូច្នេះសូមចូលរួមសហការ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ចំពោះក្រុមហ៊ុនសកម្ម ខ្ញុំក៏បានឲ្យគោលការណ៍ ដល់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៉ីវិល ធ្វើការជាមួយក្រុមហ៊ុនឯកជន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ដោយខ្ញុំបានប្រគល់ភារកិច្ចជូន ដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាមដាននូវកិច្ចការងារនេះឲ្យជាប់ ព្រោះថាបើចង់បន្ថែមតម្លៃនេះ, តម្លៃនោះ គឺមិនបាននោះទេ ដូច្នេះសូមបញ្ជូនសារឲ្យច្បាស់ ចរចារជាមួយក្រុមហ៊ុនសកម្ម និងព្រលានយន្ដហោះ អនុវត្តន៍ និងធ្វើយ៉ាងណាកុំឲ្យព្រលានយន្ដហោះនេះ ក្លាយជាព្រលានដែលមានតែអាគារ តែមិនមានការហោះហើរឲ្យសោះ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ដើម្បីពង្រឹងលើសេវានានាក្នុងព្រលាយន្ដហោះអន្តរជាតិតេជោនេះទី១ ត្រូវពង្រឹងលើសេវាផ្ទៃក្នុងឲ្យបានល្អ, ទី២ តម្លៃ ទាំងតម្លៃទំនិញដឹកឆ្លងកាត់, ទាំងតម្លៃព្រលាយន្ដហោះសូមកុំឲ្យធ្វើអ្វី ដែលបង្កើនបន្ទុកដល់វិស័យអាកាសចរ វិស័យទេសចរណ៍ និងវិស័យហោះហើរនៅកម្ពុជា ដូច្នេះក្រុមហ៊ុនទាំងអស់ត្រូវធ្វើយ៉ាងណា ដើម្បីគិតគូរពីផលប្រយោជន៍រួមរបស់ជាតិ។

សម្ដេចមហាបវរធិបតីបានបន្ថែមថា ជាការពិតក្រុមហ៊ុនទាំងអស់គិតគូរពីប្រាក់ចំណូលចំណេញ ប៉ុន្ដែសូមកុំគិតលឿនពេក ត្រូវគិតពីផលប្រហោជន៍ និងការចំណេញរួមរបស់ជាតិ ដែលព្រលានយន្ដហោះនេះអាចជួយព្រោះថា ប្រសិនបើព្រលានយន្ដហោះនេះ មានការហោះហើរកាន់តែច្រើនមក នឹងនាំទេសចរណ៍ នាំទំនិញចូលមកកម្ពុជាកាន់តែច្រើន៕