ប្រគល់-ទទួលថវិកា ពីមន្ទីរអង្គភាពនានាជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ព្រមទាំងសប្បុរសជន ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥


ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ អាំង សុជាតា អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលថវិកា ពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងសប្បុរសជននានា ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលពិធីនេះ ធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ជូនចំពោះ មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក សប្បុរសជននានា ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមខេត្តពោធិ៍សាត់នាឱកាសនេះ ក៏ដូចនាពេលកន្លងមក ព្រមទាំងបានធ្វើការអំពាវនាវចំពោះ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា នូវរាល់ថវិកាទាំងអស់នេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបនូវគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់យើង។

ឯកឧត្តម បានមានប្រសាសន៍ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ លោកបានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងបន្តចូលរួមយ៉ាងច្រើនកុះករ ជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាបន្តទៀត។ ក្រុមការងារសាខាទទួលមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នឹងរង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជា ពិធីទទួលថវិកា ពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក សប្បុរសជន និងព្រះមន្ត្រីសង្ឃគ្រប់វត្តអារាមទូទាំងខេត្ត ដោយខួបលើកទី១៦២ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាស័្មគ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលបានថវិកា ចំនួន៧២,៦០០ដុល្លារអាមេរិក៕