ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤


ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័គ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស ដើម្បីចូលរួមពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់និងការងារអធិការកិច្ច ការងាររបស់គណៈប្រតិភូអធិការកិច្ច និងពិនិត្យវឌ្ឍនភាពការរៀបចំលិខិតបទដ្ឋានគតិយុត្តនានារបស់អនុក្រុមការងារ សំដៅចូលរួមពង្រឹងប្រព័ន្ធការងារអធិការកិច្ចឱ្យមានលក្ខណៈពេញលេញ និងប្រសើរឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំត្រូវខិតខំជំរុញការងាររបស់អនុក្រុមការងារខាងលើ ដោយគិតគូរឱ្យបានពេញលេញ និងប្រទាក់ក្រឡានៃប្រព័ន្ធការងារអធិការកិច្ច ស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕