សម្ដេចតេជោ ហ៊ុន សែន៖ បញ្ហាព្រំដែនកម្ពុជា-ថៃ បានដើរហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ ព្រោះបានប្តឹងទៅ ICJ និងក្រុមប្រឹក្សាសន្ដិសុខ, តែយ៉ាងណាស្ថានភាពបានធូរស្រាលហើយ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាតួអង្គសំខាន់ផ្ដួចផ្ដើមចរចាសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ រហូតឈានទៅបង្កើតបានទាំងស្រុងនូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ បានប្រតិកម្មចំពោះអ្នកដែលលើកឡើងឲ្យយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំបន្ទាន់លើបញ្ហាព្រំដែននេះ។

ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ គឺបានដើរហួសពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសហើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ព្រមទាំងវេទិកាអន្ដរជាតិនានាដទៃទៀត។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស មិនមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយធាតុចូលរបស់កិច្ចព្រមព្រៀងនេះ បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងនេះ ក៏អស់សុពលភាពនៅពេលសភាធម្មនុញ្ញ បានក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល និងបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវមានអ្នកអំពាវនាវឲ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ទាក់ទិននឹងការឈ្លានពានរបស់ប្រទេសជិតខាង។ ប៉ុន្ដែសួរថា សហប្រធានគាត់ព្រមទេ? សាកល្បងសួរទៅឥណ្ឌូនេស៉ី និងបារាំងមើល តើគេព្រមកោះដែរទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះស្រាយរបៀបមិច […] នេះ ! បានទៅហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងវេទិការអន្ដរជាតិដទៃទៀត»

ទាក់ទិននឹងបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានសម្ដេចតេជោប្រធានព្រឹទ្ធសភានៃកម្ពុជា គូសបញ្ជាក់ថា បានឈានដល់ដំណាក់កាលមួយនៃការធូរស្រាលហើយ បន្ទាប់ពីភាគីទាំងពីរកម្ពុជា-ថៃ បានបញ្ចប់នូវកិច្ចប្រជុំសំខាន់ៗប៉ុន្មានថ្ងៃមកនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ហើយក៏ឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពមួយ នៅថ្ងៃទី២៦ ខែតុលាខាងមុខ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្ដ្រីថៃ នៅប្រទេសម៉ាឡេស៉ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ​នាថ្ងៃទី២៦ ខែតុលាខាងមុខនេះ។ កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

កិច្ចព្រមព្រៀង ឬឯកសារស​ន្តិភាពមួយនេះ នឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងព​ីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព៕