អគ្គលេខាធិការអាស៊ាន ស្វាគមន៍ប្រធានាធិបតីប្រេស៊ីល នៅលេខាធិការដ្ឋានអាស៊ាន


នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលស្វាគមន៍លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល។

ទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ដែលជាទស្សនកិច្ចលើកដំបូងដោយប្រមុខរដ្ឋប្រេស៊ីល សង្កត់ធ្ងន់ពីសារៈសំខាន់ដែលកាន់តែរីកលូតលាស់ នៃទំនាក់ទំនងដៃគូសន្ទនាតាមវិស័យអាស៊ាន-ប្រេស៊ីល ដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០២២។

ទស្សនកិច្ចនេះ ក៏កើតឡើងមុនពេលព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺការចូលរួមរបស់ប្រធានាធិបតី Luiz Inácio Lula da Silva ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាភ្ញៀវរបស់ប្រធានអាស៊ាន ជាលើកដំបូងបង្អស់ដែលប្រធានាធិបតីប្រេស៊ីលចូលរួមក្នុងព្រឹត្តិការណ៍ប្រកបដោយកិត្យានុភាពខ្ពស់របស់អាស៊ាន៕