ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា មន្ត្រីរាជការរត្រូវយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាងកម្ពុជា-ថៃ ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងប្រធានអាស៊ានឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
ឯកឧត្តមបានលើកឡើងបន្ទាប់ពីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមទម្លាប់ធម្មតានៅរៀងរាល់ព្រឹកថ្ងៃចន្ទដើមសប្តាហ៍ របស់ថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីក្រោមឱវាទ នៅសាលាខេត្តកំពង់ធំ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម នួន ផារ័ត្ន បន្តថា ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចមហាបវរធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជាយើង។
ឯកឧត្តមបន្ថែមទៀតថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពនេះ មិនមែនមានន័យថា សមរភូមិត្រូវបានបញ្ចប់ទាំងស្រុងទេ គឺមានន័យថា ប្រទេសទាំងពីរឈប់ប្រើសមរភូមិយោធាក្នុងការដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែប្រើតែសមរភូមិការទូត ដោយឈរលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយនេះគឺជាអ្វីដែលកម្ពុជាទាមទារចង់បានតាំងពីដើមរៀងមក។ លើសពីនេះ យើងនៅតែត្រូវបន្តពង្រឹងសមត្ថភាពយោធាយើង ផលិតផលក្នុងស្រុក និងជំហររឹងមាំដោយខ្លួនឯង ក្រោមទង់សាមគ្គី ឯកភាពជាតិ បន្តសមរភូមិប្រយុទ្ធនេះទៅមុខទៀត។
ឯកឧត្តម នួន ផារ័ត្ន បានអំពាវមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងសមរភូមិការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាធំៗរបស់ជាតិ៕










