ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចាត់ទុកការងារកំណែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ គឺជាការងារអាទិភាព


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិតទូរគមនាគមន៍កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត និងបុគ្គលិកនៃទូរគមនាគមន៍កម្ពុជា ប្រមាណ ១០០រូប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចាត់ទុកការងារកំណែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពផ្សេងទៀតដែល ក.ប.ទ. បានដាក់ចេញ និងសម្រេចបាននាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលជាង ៣ឆ្នាំ (២០២១-២០២៤) មកនេះ ទូរគមនាគមន៍កម្ពុជា ត្រូវកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ការពង្រឹងការផ្តល់សេវា ការវិនិយោគបន្ថែម លើការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្អឹងខ្នង និងការលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ រហូតបានទទួលលទ្ធផលផ្លែផ្កា គួរឱ្យកត់សម្គាល់ ដោយធ្លាប់តែខាត បែរជាទទួលបានប្រាក់ចំណេញ ២ឆ្នាំជាប់ៗគ្នា។ ទាំងអស់នេះ គឺជាសមិទ្ធផលរួមរបស់គណៈគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេសនិយោជិត និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីផ្ទៃក្នុង។

ចំពោះទិសដៅទៅមុខ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត ឱ្យគណៈប្រតិបត្តិរបស់ទូរគមនាគមន៍កម្ពុជា គិតគូរអំពីការពង្រឹងមុខសញ្ញាអាជីវកម្មចាស់ ដែលមានស្រាប់ ចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបន្តកែទម្រង់ផ្ទៃក្នុង និងពង្រឹងសមត្ថភាពធនធានមនុស្ស ជាអាទិ៍។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវ និងរួមគ្នាបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត និងត្រូវផ្តោតការយកចិត្តទុកដាក់ រៀបចំផែនការយុទ្ធសាស្រ្តនិងផែនការអាជីវកម្មរបស់ទូរគមនាគមន៍កម្ពុជា៕