សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក ជាលើកទី៧


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងអបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក (World Best Rice) ជាលើកទី៧ ក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥។

សូមបញ្ជាក់ដែរថា ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) របស់កម្ពុជានេះ ធ្វើឡើងនៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលនេះជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥នេះ។

សូមជម្រាបជូនផងដែរថា ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់រប្រជាកសិករកម្ពុជា ដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជម្រុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕