សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតរួមគ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួនពីរ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ទួលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ទូលថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងព្រះរាជសារមរតកសាសន៍ ស្តីពីការប្រទានព្រះរាជដំណាក់ចំនួនពីរ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ៖
១- ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី ២៤៥ ទំហំ ២៨៤៣ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០២៤៥ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២- ព្រះរាជដំណាក់ព្កុល លេខក្បាលដី ១៥១ ទំហំ ៣៥៣៩ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុលេខ ១២០២០៧០៣-០១៥១ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពេលដែលអស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបរិច្ចាគ និងលះបង់គ្រប់បែបយ៉ាងជូន ប្រជារាស្ត្រកម្ពុជា។
ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំ នាឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះ បង្គំជាខ្ញុំនឹងរៀបចំជួសជុលកែលម្អ ថែរក្សា ព្រះរាជដំណាក់ទាំងពីរខាងលើ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ មហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទូត របស់ព្រះអង្គនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវ ភក្តីភាពដ៏ស្មោះ និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ៕


