ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញប្រគល់ពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ


ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញប្រគល់ពានរង្វាន់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់ជូនសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណជាជាង ១,៣០០នាក់។

ស្ថិតក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីជាសក្ខីភាពក្នុងការអបអរសាទរ និងសំដែងការកោតសរសើរ ចំពោះសិស្សពូកែទាំងអស់នៅក្នុងស្រុកព្រៃឈរ និងនិយាយដោយឡែក សម្រាប់សិស្សឆ្នើមចំនួន ២៥រូប ដែលទើបតែប្រឡងជាប់ទទួលបានជ័យលាភីរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ប្រចាំស្រុកព្រៃឈរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  កើត រិទ្ធ បានថ្លែងទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស គឺចង់បាន ប្អូនៗ ដែលជាមនុស្សពូកែជាងគេ ប្រចាំប្រទេសរបស់យើង ដែលជាមូលធនមនុស្ស និងជាទំពាំងស្នងឬស្សី។ ដូច្នេះការប្រឡងមួយនេះ គឺជាផ្នែកតូចមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់គុណភាព នៃការអប់រំ។ ការប្រឡងមួយនេះ គឺជាផ្នែកមួយក្នុងការរួមចំណែក នៃការទទួលជោគជ័យសម្រាប់ជីវិតរបស់ប្អូនៗ ដែលនោះគឺជាបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាល ពោលគឺជោគជ័យរបស់ប្អូនៗ គឺជាជោគជ័យរបស់ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាទយកឱកាសនោះអបអរសាទរចំពោះវិទ្យាល័យទាំង៥ នៅក្នុងស្រុកព្រៃឈរ និងគណៈគ្រប់គ្រងសាលា ដែលមានសិស្សជាប់ចំណាត់ថ្នាក់ ជាពិសេសគឺវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលសិស្សទទួលបានចំណាត់ថ្នាក់លេខ១។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា លទ្ធផលដែលប្អូនៗ ទទួលបាននៅថ្ងៃនេះ ក៏ដូចជាលទ្ធផលនៃការសិក្សាជារួម គឺអាស្រ័យលើកត្តា៥យ៉ាង ៖

*ទី១៖ គឺជាការវិនិយោគលើវិស័យអប់រំ ពីរដ្ឋាភិបាល
*ទី២៖ គឺកត្តាសាលារៀន ពោលគឺគណៈគ្រប់គ្រងល្អ មានអាគារសិក្សា មានសម្ភារសិក្សា មានបន្ទប់ពិសោធន៍ជាដើម
*ទី៣៖ គឺកត្តាគ្រូបង្រៀនពូកែដែលមានចំណេះដឹងទូលំទូលាយ ចេះពីវិធីសាស្រ្តបង្រៀន ជាស្តង់ដាគ្រូបង្រៀន
*ទី៤៖ គឺកត្តាអាណាព្យាបាល យកចិត្តទុកដាក់ ជួយគាំទ្រសិស្ស ក្នុងការសិក្សា
*ទី៥៖ គឺកត្តាខិតខំប្រឹងប្រែងដោយខ្លួនឯង៕