រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៥


រដ្ឋបាលខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៥ ដោយមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគ៣ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ ក្រុមយុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជិត ២ ០០០នាក់។

ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

សូមរំលឹកផងដែរថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីចេញពីអាណានិគមបារាំង ដែលបានដាក់អាណានិគមលើដែនដីកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕