រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ និងកំណើតកងយោធពលខេមរភូមិន្ទ


ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ប្រមាណ ១ ៥០០អង្គ/នាក់ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើបុរីវប្បធម៌កោះសំពៅមាស បាននិមន្ត និងអញ្ជើញចូលរួម អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។

នៅក្នុងពិធីយ៉ាងអធិកអធមនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពបានរៀបចំប្រតិភូ អញ្ជើញដាក់កូរោនចំនួន ១១ផែន ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ និងសម្តែងការគោរពដឹងគុណ ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងឱកាសខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា ដោយបាននិមន្តព្រះសង្ឃ អង្គបង្សុកូល អុជភ្លើងជ័យ នៅលើស្តូបអនុស្សាវរីយ៍ ដែលស្ថិតនៅកណ្តាលបុរីវប្បធម៌កោះសំពៅមាសជាបន្តបន្ទាប់។

ឯកឧត្តម ខូយ រីដា តំណាងអង្គពិធីទាំងមូល បានថ្លែងថា លើមូលដ្ឋាននៃចំណងសាមគ្គីភាព មិត្តភាព ដែលស្ថិតក្នុងស្ថានភាពសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាព នយោបាយនេះ ជាប្រភពកំណត់នៃការការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចសង្គមដែលជាដង្ហើមរស់របស់ជាតិ។ បានរំលឹកពីប្រវត្តិសង្ខេបមួយចំនួន នូវព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជជាតិខ្មែរ ព្រះបាទនរោត្តម សីហនុ ក្នុងការទាមទាឯករាជ្យពីបារាំង។

កាលនោះបារាំងយល់ឃើញថា ខ្លួនអាចជួបប្រទះនូវគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា និងនៅវៀតណាម ដោយសារសង្គ្រាមនោះ គឺនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១០៥៣ បានធ្វើសន្និសីទ្ធក្រុងហ្សីណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំង ពីប្រទេសកម្ពុជានិងបានធ្វើការផ្ទេរថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តថា ពេលនោះកម្ពុជា មិនបានទទួលឯករាជទាំងស្រុងនោះទេ គឺនៅខ្វះចន្លោះលើវិស័យជាច្រើនទៀតដូចជា៖ ខាងអំណាចយុត្តិធម៌ នគរបាល បញ្ជាការយោធា និងការទូតជាដើម។ ឆ្លងកាត់ដំណាក់កាលជាច្រើនរាប់មិនអស់ របស់ឥស្សរជន និងជំនាញការសំខាន់ៗរបស់កម្ពុជា បានធ្វើការចរចារជាមួយបារាំង នៅភ្នំពេញជាថ្មីម្តងទៀត ទើបទទួលបានជោគជ័យ។ នៅថ្ងៃនោះបញ្ជាការអគ្គសេនាធិការ ព្រមទាំងកងទ័ពជើងទឹក ជើងគោក និងជើងអាកាសបារាំង បានថ្វាយបង្គំលា ព្រះករុណាព្រះបាទ នរោត្តម សីហនុ។

ចាប់តាំងពីថ្ងៃនោះ មកប្រទេសកម្ពុជាមានឋានៈស្មើនឹងសាធារណរដ្ឋបារាំង និងជារដ្ឋឯករាជ្យពេញលេញ និងបរិបូរណ៍។ នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះបាទនរោត្តមសីហនុ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លា ដើម្បីធ្វើការតស៊ូ ក្នុងក្របខណ្ឌទាមទារឯករាជ្យ ឱ្យរួចផុតពីអាណានិគមនិយមបារាំង ធ្វើឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងប្រទេស និយាយរួម ដោយឡែកប្រជារាស្ត្រខេត្តពោធិ៍សាត់ ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ និងបន្តខិតខំចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាព និងសមិទ្ធផលនានា ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ឱ្យបានបានយូរអង្វែង។

ប្រជារាស្ត្រខ្មែរ បានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយតាមសំណូមពររបស់តំណាងរាស្ត្រ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិ រដ្ឋាភិបាល បានលើកព្រះអង្គ ជាវីរបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងអភិវឌ្ឍលើគ្រប់វិស័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាការឆ្លើយតបនឹងបដិវត្ត ឧស្សាហកម្មទី៤ និងបដិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គម លើកកម្ពស់ផលិតភាពសេដ្ឋកិច្ចខ្ពស់ ទៅសម្រេចបានចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០៕