ស្ថានទូតឥណ្ឌូណេស៉ីប្រចាំកម្ពុជា បានជូនដំណឹងថា ផ្សាររាត្រីឥណ្ឌូណេស៉ី នឹងរៀបចំលើកដំបូង នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៩យប់ នៅផ្លូវថ្មើរជើងចតុមុខ។
ស្ថានទូត បានសំណូមពរសូមកុំភ្លេចនាំគ្រួសារ និងមិត្តភក្តិ ទៅកម្សាន្តនៅផ្សាររាត្រីឥណ្ឌូណេស៊ី ឱ្យបានច្រើនៗ និងសូមរីករាយជាមួយនឹង៖
*ម្ហូបឥណ្ឌូនេស៊ី ដែលមានដូចជា សាច់មាន់ចង្កាក់ និងប្រហិតក្តៅៗ
*ការសម្តែងវប្បធម៌ មានរបាំ តន្ត្រីបុរាណ និងកម្មវិធីជាច្រើនទៀត
*តន្ត្រីសប្បាយៗ មានការរាំតាមចង្វាក់ភេ្លង ដាំងឌុត របស់ឥណ្ឌូនេស៊ី និងភ្លេង EDM។
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក សាន់តូ ជាម៉ូស៊ូម៉ាតូ ធ្លាប់បានបង្ហាញពីគម្រោងបង្កើតផ្សាររាត្រីឥណ្ឌូណេស៊ី នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូណេស៊ី។ គម្រោងនេះត្រូវបានអនុញ្ញាតដោយអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ដោយស្នើឱ្យស្ថានទូតឥណ្ឌូណេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ការការពារសន្តិសុខ។
គម្រោងបង្កើតផ្សាររាត្រីនេះ មានគោលបំណងលើកកម្ពស់ទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងប្រជាជនឥណ្ឌូណេស៊ី និងកម្ពុជា ព្រមទាំងជំរុញវិស័យទេសចរណ៍។ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណដល់ស្ថានទូតឥណ្ឌូណេស៊ីចំពោះគម្រោងនេះ ដែលជាការលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍផ្លូវថ្មើជើងចតុមុខឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងឥណ្ឌូណេស៊ីមានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៩ ហើយឥណ្ឌូណេស៊ីបានរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈឥស្សរជនសំខាន់ៗដូចជា លោក ស៊ូកាណូ និងលោក អាលី អាឡាតាស ដែលឈ្មោះរបស់ពួកលោកត្រូវបានយកទៅដាក់ឱ្យឈ្មោះផ្លូវសំខាន់ៗនៅរាជធានីភ្នំពេញ៕



