កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ


នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Cho Hyun រដ្ឋមន្ត្រីការ​បរទេស​សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិ​ភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែល​បានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់​ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាស​នេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់​តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធា​រណរដ្ឋកូរ៉េ។

សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរប​ស់​ប្រជា​ជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់​របស់រាជរដ្ឋាភិ​បាលកម្ពុជា។

សម្ដេចមហាបវរធិបតី និងលោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានពិភាក្សា​គ្នា​អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, ឧស្សាហកម្ម, ការរៀបចំតំបន់សេដ្ឋកិច្ចពិសេស​សម្រាប់​សហគ្រាសកូរ៉េ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការជំរុញទេសចរណ៍​រវាង​ប្រទេសទាំងពីរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ សម្រាប់​ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕