នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។
សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចមហាបវរធិបតី និងលោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, ឧស្សាហកម្ម, ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សហគ្រាសកូរ៉េ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕









