ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកឡើងថា ក្នុងនាមជាសិស្សានុសិស្សទាំងអស់ ត្រូវខំសិក្សារៀនសូត្រ ប្រាសចាកឲ្យផុតពីរាល់អំពើអបាយមុខ ហើយរឹតតែមិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែត្រូវមិនស្ងៀមក្នុងការខិតខំរៀនសូត្រ, មិនស្ងៀមក្នុងការអភិវឌ្ឍខ្លួនឯង, មិនស្ងៀមក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឲ្យបានរឹងមាំនោះហើយ គឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត។
ឯកឧត្តមអភិបាលខេត្តកណ្ដាល ថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥ ក្នុងពិធី បិទជុំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ «ជុំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា» ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល។
ឯកឧត្តមបានបន្តថា ប្រធានបទ «ជុំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិ» ឆ្នាំនេះ គឺជាការដាស់តឿនរំឭកដល់យុវជនគ្រប់រូប អំពីតម្លៃនៃសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃ ដែលត្រូវបានដោះដូរមក ដោយការលះបង់ដ៏ធំធេងរបស់វីរកងទ័ពយើង ព្រមទាំងជាការឆ្លុះបង្ហាញនូវតម្រូវការចាំបាច់របស់សង្គមជាតិយើង ដែលកំពុងត្រូវការ ធនធានមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព បញ្ញា ស្មារតី សុខភាពល្អ និងជាពិសេស គឺមានបេះដូងស្នេហាជាតិយ៉ាងជ្រាលជ្រៅ។
ការបោះជុំរំនេះ ជារូបភាពតូចមួយនៃការត្រៀមខ្លួន ការរៀនរស់នៅក្នុងលក្ខខណ្ឌលំបាក ការហ្វឹកហាត់វិន័យ និងការកសាងស្មារតីសាមគ្គី គឺដើម្បីឲ្យយល់ថា បុព្វហេតុការពារជាតិ ចាប់ផ្តើមចេញពីការកសាងខ្លួនឯង ឲ្យក្លាយជាពលរដ្ឋដ៏រឹងមាំ ប្រកបដោយសមត្ថភាព និងមានបេះដូងស្នេហាជាតិ ដែលអាចប្រដូចនឹងទិសស្លោក «ស្ងាត់ តែមិនស្ងៀម» របស់រាជរដ្ឋាភិបាលផងដែរ ព្រោះក្នុងនាមជា យុវជនមិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែត្រូវ «មិនស្ងៀម» ក្នុងការខិតខំរៀនសូត្រ «មិនស្ងៀម» ក្នុងការអភិវឌ្ឍខ្លួនឯង «មិនស្ងៀម» ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឲ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិត ប្រាកដបំផុត។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការបោះជំហានចាកចេញពីភាពងាយស្រួល និងការថ្នាក់ថ្នមនៅផ្ទះសម្បែង ដើម្បីមកទទួលយកបទពិសោធន៍ថ្មី នៅជុំរំយុវជន គឺហាក់ប្រៀបបាននឹងការសាកល្បងនូវភាពក្លាហាន និងភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តដែលបានយកឱកាសនេះអភិវឌ្ឍន៍បំណិនជីវិត ប្រែក្លាយការនឿយហត់ជាបទពិសោធន៍ បញ្ហាប្រឈមជាមេរៀន និងមនុស្សប្លែកមុខទៅជាមិត្ត។ ស្មារតីក្លាហានពុំខ្លាចការលំបាកនេះហើយ ដែលបានឆ្លុះបញ្ចាំងថា ក្មួយៗពិតជាទំពាំងស្នងឬស្សីដ៏រឹងមាំ និងជាយុវជនគាំទ្របុព្វហេតុការពារជាតិមាតុភូមិ។
ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់យុវជនទាំងអស់ ត្រូវមានក្តីស្រមៃ និងគោលដៅសម្រាប់អនាគតរបស់ខ្លួនច្បាស់លាស់, ឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួន មុនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារ, ចេះអភិវឌ្ឍន៍សមត្ថភាពខ្លួន ស្របតាមយុគសម័យ ជាពិសេសជំនាញឌីជីថល, ចេះបន្តបង្កើតទំនាក់ទំនងល្អ និងបំពេញការងារជាក្រុម, បន្តចូលរួមការងារសង្គម ការងារស្ម័គ្រចិត្ត និងការងារយុវជន ជាបទពិសោធន៍អភិវឌ្ឍន៍ជំនាញទន់, ក្លាយជាយុវជនគំរូក្នុងសង្គម ប្រកបដោយគុណធម៌ សីលធម៌ និងសមត្ថភាពជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ», យល់ដឹងច្បាស់អំពីផែនទី ភូមិសាស្ត្រព្រំដែនកម្ពុជា និងចែករំលែកផ្សព្វផ្សាយការយល់ដឹងបន្តជូនដល់អ្នកជុំវិញខ្លួន, ចេះប្រុងប្រយ័ត្នការពារខ្លួនលើប្រព័ន្ធអនឡាញ ជៀសវាងការកេងប្រវ័ញ្ចកុមារ និងជៀសឆ្ងាយពីអំពើអបាយមុខ លុបបំបាត់ឲ្យអស់នូវក្រុមបងតូចបងធំ ក្មេងទំនើង និងអំពើហិង្សា៕




















