(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះអំពើហិង្សារបស់កងកម្លាំងថៃ ដែលបានបើកការបាញ់ប្រហារ មកលើប្រជាជនស៊ីវិលកម្ពុជា ដែលកំពុងរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋកម្ពុជា ៣នាក់ រងរបួសធ្ងន់ធ្ងរ និង១នាក់ បាត់បង់ជីវិត។
អំពើប្រើប្រាស់កម្លាំងប្រដាប់អាវុធបែបនេះ គឺផ្ទុយស្រឡះទៅនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមក ជាពិសេស ការប្តេជ្ញាដោះស្រាយបញ្ហា ព្រំដែនតាមផ្លូវសន្តិវិធី តាមរយៈយន្តការគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលត្រូវធ្វើការវាស់វែងដីបោះ បង្គោលបណ្តោះអាសន្ន និងរក្សាស្ថានភាពដើមរហូតដល់មានការសម្រេចចុងក្រោយ។
យើងសូមអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ រួមទាំងអាស៊ាន និងដៃគូអភិវឌ្ឍន៍ឱ្យចូលរួមសង្កេតការណ៍ និងជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព ដើម្បីកុំឱ្យមាន ទង្វើបែបនេះកើតឡើងម្តងទៀត និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងមកលើពលរដ្ឋស៊ីវិល កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែន។
យើងសូមបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយប្រកាន់ជំហរក្នុងការគោរព កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ និងសូមអំពាវនាវឱ្យភាគីថៃ ត្រូវគោរពបទឈប់បាញ់ កិច្ចព្រមព្រៀង សន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងឡាយឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ៕

