ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ជាគន្លឹះសម្រាប់ភាពប្រកួតប្រជែងនៃវិស័យកសិអាហារ


រាជធានីធានីភ្នំពេញ​ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ក្រោមប្រធានបទការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថាវិស័យកសិកម្មនៅតែជាវិស័យគន្លឹះនៃសេដ្ឋកិច្ចកម្ពុជា មនុស្សនៅតែត្រូវការទទួលទានអាហារ ប៉ុន្តែពួកគាត់មានការរំពឹងទុកកាន់តែខ្ពស់ថាអាហារដែលពួកគាត់ទទួលទានត្រូវតែមានគុណភាព និងសុវត្ថិភាព។ នេះជាបញ្ហាប្រឈម ហើយក៏ជាឱកាសសម្រាប់ការអភិវឌ្ឍវិស័យកសិអាហារដែលផ្តល់តម្លៃបន្ថែមខ្ពស់ផងដែរ

ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តស្តង់ដារ និងការធានាគុណភាព ថាជាមូលដ្ឋានគ្រឹះនៃភាពប្រកួតប្រជែង ព្រមទាំងភាពចាំបាច់នៃការប្រមូលផ្តុំ ដែលកសិករ និងសហគ្រាសផលិត អាចធានាចីរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីបំពេញលក្ខខណ្ឌតម្រូវជាក់លាក់របស់អ្នកទិញ។

ឯកឧត្តមបានបន្ថែមថា ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស លើវិស័យកសិអាហារ ការងារសំខាន់ពីរដែលត្រូវពង្រឹងគឺការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ដែលកសិករផ្តោតលើការដាំដុះឱ្យត្រូវតាមស្តង់ដារ, អ្នកកែច្នៃធានាថាការផលិតនិងការវេចខ្ចប់មានគុណភាព និងសុវត្ថិភាព, ហើយការធ្វើទីផ្សារ លក់ និងចែកចាយ ត្រូវបានអនុវត្តដោយភ្នាក់ងារឯកទេស ក្នុងខ្សែច្រវាក់តម្លៃដែលមានភាពប្រទាក់ក្រឡាមួយ

វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ត្រូវបានរៀបចំឡើងពីថ្ងៃទី១៣១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។