ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះសិក្សាស្វែងយល់ទីតាំងផ្លូវទឹក Gyeongin Ara ដែលតភ្ជាប់ពីទន្លេហានទៅកាន់សមុទ្រខាងលិច នៃសាធារណរដ្ឋកូរ៉េ


ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចុះសិក្សាស្វែងយល់ទីតាំងផ្លូវទឹក Gyeongin Ara ដែលតភ្ជាប់ពីទន្លេហាន ក្នុងទីក្រុងSeoul ទៅកាន់សមុទ្រខាងលិច(សមុទ្រលឿង) ក្នុងទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា ផ្លូវទឹក Gyeongin Ara មានប្រវែង ១៨គីឡូម៉ែត្រ ទទឹង ៨០ម៉ែត្រ និងមានជម្រៅទឹកអប្បបរមា ៦,៣ម៉ែត្រ គ្របដណ្តប់លើតំបន់មួយចំនួននៃទីក្រុងIncheon ទីក្រុងGimpo ទីក្រុងBucheon និងទីក្រុងSeoul នៃសាធារណរដ្ឋកូរ៉េ ដែលបានចាប់ផ្តើមកសាងឡើងក្នុងខែមីនា ឆ្នាំ២០០៩ និងបញ្ចប់រួចរាល់ក្នុងខែឧសភា ឆ្នាំ២០១២។ ផ្លូវទឹកនេះ មានតួនាទីសំខាន់ក្នុងការជួយគ្រប់គ្រងទឹកជំនន់ បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រភពទេសចរណ៍ដោយបានបង្កើតតំបន់កម្សាន្ត និងលម្ហែតាមបណ្តោយផ្លូវទឹក និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី៕