សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើត គម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសរក្នុងសារជូនពរយ៉ាងដូច្នេះថា៖
សម្តេច ឥស្សរវិទេសបញ្ញា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយជ័យមង្គល នៃពិធីខួបកំណើតរបស់ សម្តេច ឥស្សរវិទេសបញ្ញា គម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ នៅថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងមនោសញ្ចេតនាដ៏រំភើប រីករាយឥតឧបមា និងសូមជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេច ឥស្សរវិទេសបញ្ញា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺថ្លាវាងវៃ និងចម្រើន ជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពអបអរសាទរ និងស្ញប់ស្ញែងចំពោះវីរភាព សម្តេច ឥស្សរវិទេសបញ្ញា ដែលជាឥស្សរជននយោបាយប្រកបដោយលក្ខណសម្បត្តិល្អឆ្នើមគ្រប់យ៉ាង និងយកអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ស្នេហាជាតិបរិសុទ្ធ លះបង់តស៊ូធ្វើពលិកម្មដ៏មោះមុតរួមចំណែកពង្រឹងនិរន្តរភាពនីតិរដ្ឋអភិវឌ្ឍសង្គម ការពារ អធិបតេយ្យភាព បូរណភាពដែនដី រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ បានស្ថិតស្ថេរគង់វង្ស។
ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេច ឥស្សរវិទេសបញ្ញា ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេច ឥស្សរវិទេសបញ្ញា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងភរិយា៕

