សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ក្នុងឱកាសខួបកំណើត គម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ


សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើត គម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសរសេរសារយ៉ាងដូច្នេះថា៖

សម្តេចឥស្សរវិទេសបញ្ញា ជាទីគោរពដ៏ខ្ពង់ខ្ពស់! នាឱកាសដ៏មហាបវរសួស្តី សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លា និងវិបុលសុខមហាប្រសើរនៃពិធីចម្រើន ជន្មាយុវឌ្ឍនមង្គលរបស់ សម្តេចឥស្សរវិទេសបញ្ញា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចឥស្សរវិទេសបញ្ញា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពល មាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តប្រកបដោយមោទកភាពយ៉ាងក្រៃលែងជូនចំពោះ សម្តេចឥស្សរវិទេសបញ្ញា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពលិកម្មគ្រប់បែបយ៉ាង ដើម្បីដឹកនាំគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលប្រកបដោយភាពជោគជ័យ។ ការដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច បានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយអត្តសញ្ញាណជាតិ ព្រមទាំងនាំឱ្យកម្ពុជា ទទួលបាននូវកិត្តិនាមល្បីល្បាញទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ នារយៈពេលកន្លងមក។

ទន្ទឹមនឹងនេះ សម្តេចឥស្សរវិទេសបញ្ញា បានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម ក្នុងការអភិវឌ្ឍជាតិមាតុភូមិ តាមរយៈ ការជំរុញការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសមត្ថភាពស្ថាប័ន ការថែរក្សា សុខសន្តិភាព ការពារអធិបតេយ្យ បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ដោយទាំងអស់នេះ គឺដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចឥស្សរវិទេសបញ្ញា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចឥស្សរវិទេសបញ្ញា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពី យើងខ្ញុំទាំងអស់គ្នា៕