ប័ណ្ណកម្មសិទ្ធីដីធ្លីចំនួន១១,៣៣២ប័ណ្ណ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង រួមជាមួយអាជ្ញាធរខេត្តកណ្ដាល ចែកជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ រស់នៅភូមិចំនួន១០ ស្ថិតក្នុងសង្កាត់បាក់ ក្រុងអរិយក្សត្រ។
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវវិវាទដីធ្លីខេត្តកណ្តាល, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរក្រុងអរិយក្សត្រ មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួន បានត្រឹមត្រូវស្របតាមច្បាប់។
ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរចំពោះ លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីរដែនដី និងក្រុមការងារទាំងអស់ និងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងក្រុមមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើការលើការចេញប្លង់រឹងជូនពលរដ្ឋបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ ដែលនេះជាស្នាដៃដ៍ល្អ និងជាគម្រូល្អមួយផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឲ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវឃោរឃៅ និងអមនុស្សធម៌របស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោងប្រមាណ ១៥៖៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរម្នាក់ និងរងរបួសធ្ងន់ស្រាល ជាច្រើននាក់ផ្សេងទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ រួមមានបណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិទាំងអស់ សូមរួមគ្នាបញ្ចេញសំឡេងថ្កោលទោស លើអំពើឈ្លានពាននេះ បញ្ជូនអ្នកសង្កេតការណ៍ឯករាជ្យ ដើម្បីសិក្សាស្វែងរកការពិតនៃឧបទ្ទវហេតុ និងទទូចសូមឲ្យរាជរដ្ឋាភិបាលថៃទទួលខុស ត្រូវពេញលេញក្រោមច្បាប់អន្តរជាតិ។
សូមជម្រាបថា ភូមិទាំង១០ដែលចេញប្លង់ជូនរួមមាន៖ ភូមិលើ ភូមិស្វាយជ្រុំ ភូមិបារាជ ក្នុងសង្កាត់ស្វាយជ្រុំ ភូមិព្រែកតាកូវ ភូមិ ព្រែកល្វា និងភូមិព្រែកបង្កង ក្នុងសង្កាត់ព្រែកតាកូវ និងភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម ភូមិព្រែកជ្រូក ស្ថិតក្នុងសង្កាត់បាក់ជាវ ក្រុងអរិយក្សត្រ៕
















































