ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំសម្បើមរបស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន ឯ.ក (Peninsula Bay Investment Co., Ltd.) ដែលជាគម្រោង អភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការអភិវឌ្ឍដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍លំដាប់អន្តរជាតិ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបន្តទៀតថា នេះជាសមិទ្ធផលមួយដែលលិចរូចរាងឡើង និងបានផ្តល់ឱកាសការងារសរុបប្រមាណ ៣០០០នាក់ និងប៉ាន់ស្មានថានឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៥០០០នាក់ នៅពេលបញ្ចប់។
បច្ចុប្បន្នក្រុមហ៊ុននេះកំពុងដំណើរការសាងសង់លើផ្ទៃដីសរុបប្រមាណ១៦ហិកតា ជាមួយនឹងទុនវិនិយោគដំបូងប្រមាណ ៥៧៤លានដុល្លារក្នុងទឹកដីក្រុងព្រះសីហនុ។ តាមការវាយតម្លៃរបស់ក្រុមហ៊ុន នៅពេលបញ្ចប់ការសាងសង់ ទាំងស្រុងនៅឆ្នាំ២០២៨ ទុនវិនិយោគនឹងកើនឡើងដល់ប្រមាណ ១ពាន់លានដុល្លារ ដែលនឹងក្លាយជាគម្រោងដ៏សំខាន់មួយនៅក្នុងខេត្តព្រះសីហនុ។
គិតមកដល់បច្ចុប្បន្ន គម្រោងទាំងមូលបានសាងសង់រួចរាល់ប្រមាណ៤៥ភាគរយ ក្នុងនោះអគារសណ្ឋាគារលំដាប់ផ្កាយប្រាំ (កម្ពស់ ៣៧ ជាន់ ចំនួន ២៨៧០ បន្ទប់) បានសង់ដល់កម្ពស់ ៣០ ជាន់។ ដោយឡែកអគារការិយាល័យ និងខុនដូរ បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខនេះ។
គម្រោងនេះត្រូវបានបែងចែកជា ២តំបន់៖
*តំបន់ B៖ អគារខុនដូរ និងអគារពាណិជ្ជកម្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦។
*តំបន់ A៖ សណ្ឋាគារលំដាប់ផ្កាយ៥, ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨៕




















