ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមមូលបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា»


ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមមូលបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា» នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលបានប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ រៀបចំឡើង ក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តទៅក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និងអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ព្រមទាំងជំរុញការផ្សព្វផ្សាយការបរិច្ចាគឈាមឲ្យបានច្រើន ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ឈាមក្នុងវិស័យសុខាភិបាល ក៏ដូចជាសហគមន៍មូលដ្ឋានផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ព្រឹត្តិការណ៍បរិច្ចាគឈាម នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា នេះគឺជាលើកទី១៦ ហើយដែលលោកបានធ្វើការបរិច្ចាគឈាម។ កម្មវិធីបរិច្ចាគឈាមនេះ មិនត្រឹមតែជាការផ្ដល់ឈាម សម្រាប់ត្រៀមទុកជូនប្រជាពលរដ្ឋដែលត្រូវការឈាមនោះទេ ក៏គឺជាការបង្ហាញស្មារតីតែរួមគ្នាតែមួយនៅពេលដែលប្រជាពលរដ្ឋត្រូវការឈាម និងបង្ហាញពីស្មារតីដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ខ្មែរចេះជួយគ្នានៅក្នុងគ្រាមានទុក្ខលំបាក។

លើសពីនេះទៀតនោះ ការរៀបចំនេះក៏ជាផ្នែកមួយនៃការបង្ហាញពីជំហរគាំទ្ររបស់ប្រជាជនដែលនៅតែបន្តផ្ដល់កម្លាំងចិត្ត ផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងការរិះរកវិធីសាស្រ្តដោះស្រាយបញ្ហារដោយសន្តិវិធី និងនាំយកការវិលត្រឡប់ទៅការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឱ្យបានដោយភាគីថៃ៕