ទឹកចិត្ដដ៏មហាធំធេងគ្មានព្រំដែនរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាមិនអាចគណនាបាននោះឡើយចំពោះកូនចៅប្រុសស្រីកម្ពុជាគ្រប់ៗរូប ជាក់ស្ដែងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទោះអ្នកម្ដាយមិនបានអញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ជាមួយពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ ដែលកំពុងព្យាបាលយ៉ាងចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតក៏ដោយ ក៏អ្នកម្ដាយដ៏មហាសប្បុរស បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគ២ ចុះសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ ជូនដល់ពលរដ្ឋខាងលើនេះផងដែរ។
តាមរយៈលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី, អ្នកម្ដាយមនុស្សធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់តាមទូរស័ព្ទ ជាមួយពលរដ្ឋរងគ្រោះទាំង៣រូប, ដោយអ្នកម្ដាយដ៏កក់ក្ដៅ បានសួរនាំពីសុខភាព ស្ថានភាពគ្រួសារ និងជូនពរដល់ប្រជាពលរដ្ឋដ៏ស្លូតត្រង់ ដ៏គួរអាសូរទាំង៣រូបនេះ ឱ្យឆាប់ជាសះស្បើយ ពិសេសបានលើកទឹកចិត្ដដល់ពលរដ្ឋដែលរងគ្រោះនេះ សូមសម្រាកព្យាបាលឱ្យបានប្រសើរឡើងវិញ ដោយកុំមានការព្រួយអ្វីទាំងអស់ទៅការព្យាបាល សូមទុកចិត្ដលើក្រុមគ្រូពេទ្យយើងដែលកំពុងបម្រើសេវាសុខាភិបាលជូនយ៉ាងចិត្ដទុកដាក់បំផុត។
ក្នុងឱកាសនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាដល់អ្នកជំងឺទាំង៣រូបនេះ ដោយក្នុងម្នាក់ៗចំនួន ១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗចំនួន ៥លានរៀលផងដែរ។
សូមជម្រាបថាប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប បានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិត នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក៕





























