ប្រកាសសមាសភាព គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់


ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ នៅសាលប្រជុំធំថ្មីរដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាប្រតិភូក្រុមការងារ, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងទាំងប្រដាប់អាវុធទាំង៣, អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់, អតីតយុទ្ធជន និងនិវត្តជន ប្រមាណជិត៤០០នាក់។

លោកឧត្តម​សេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត បានជម្រាបជូនថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ អតីតយុទ្ធជនខេត្តពោធិ៍សាត់ មានចំនួន៥,៦៣១នាក់ ក្នុងនោះបានចូលជាសមាជិក ចំនួន៤,៦៩៦នាក់ ទទួលបានប័ណ្ណ ប.ស.ស ចំនួន៥,៦៣១នាក់ និងទទួលបានប័ណ្ណសមធម៌(ក្រីក្រ) មានចំនួន៦១៥នាក់។ ក្នុងឆ្នាំ២០២៤ សមាគមបានចុះធ្វើបច្ចុប្បន្នភាពជីវភាពរស់នៅ របស់សមាជិក បាន៤៧៩នាក់ និងនិវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល ដែលត្រូវចូលជាសមាជិក ចំនួន២,៧៤៣នាក់ ហើយចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន សមាគមបានសាងសង់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ ចំនួន១,១៣៤ខ្នងផ្ទះ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ ដែលទើបទទួលបានការប្រកាសសមាសភាពថ្មី បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានផ្តល់នូវទំនុកចិត្ត សម្រេចតែងតាំងរូបលោក ជាប្រធាន និងអនុប្រធាន១២រូប ព្រមទាំងសមាជិកសមាជិកា២៦រូបបន្ថែមទៀត ដើម្បីបន្តដឹកនាំការងារសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនឈានឡើង។

ឯកឧត្តមបានប្ដេជ្ញាចិត្ត ថាស្មោះត្រង់ឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដឹកនាំគណៈកម្មាធិការ ដោយគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្តិកៈរបស់សមាគម, យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនជាសមាជិក តាមរយៈការចុះក្តាប់ជាប់នូវស្ថានការណ៍ជាក់ស្តែង។ ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬការជួយអន្តរាគមន៍នានា និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារបេឡាមរណៈសង្គ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង អង្គការ​ដៃគូ និងសប្បុរសជននានា ក្នុងការទទួលបានគម្រោងអភិវឌ្ឍន៍ សម្រាប់បម្រើដល់ផលប្រយោជន៍ អតីតយុទ្ធជន និងនិវត្តជន នៅក្នុងមូលដ្ឋានទៅតាមសមត្ថភាពជាក់ស្តែង។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការខេត្ត គឺជាការជំរុញបន្ថែមទៀត នូវការសម្របសម្រួល និងការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមខេត្ត ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន រហូតដល់សព្វថ្ងៃ។

ឯកឧត្តម គន់ គីម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តពោធិ៍សាត់ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធល្អប្រសើរ ដើម្បីរួមគ្នាជាធ្លុងមួយ ធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម និងសុខដុមរមនាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ ឱ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា របស់អតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕