មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការគាំទ្រ និងអំពាវនាវវិនិយោគិនបរទេស ឲ្យបណ្តាក់ទុនវិនិយោគ ឬចាប់ដៃគូរជាមួយក្រុមហ៊ុនកម្ពុជា អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ សម្រាប់ផ្គង់ផ្គង់ដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីលើកកម្ពស់ការទទួលបាន និងកាន់កាប់លំនៅឋានដោយសុវត្ថិភាព។
ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមចូលរួមពិធីសម្ពោធជាផ្លូវការគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ របស់ក្រុមហ៊ុន METRA BCCJP CO., LTD. ដែលស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវទិសដៅការងារចំនួន១៥ ចំណុច សមរមភូមិចំនួន៨ ដើម្បីរក្សាសន្តិសុខ នយោបាយ សន្តិសុខនិងសុវត្ថិភាពសេដ្ឋកិច្ចនៃការកាន់កាប់ដី ផ្តល់ទំនុកចិត្តនិងការជឿជាក់លើ កម្ពុជា។ គម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន METRA BCCJP CO., LTD. ជាការចូលរួមចំណែកក្នុងការអនុវត្តនូវ សមរភូមិទី៤ «កិច្ចការលំនៅឋាន» ដែលអាចឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យជា «ទ្រនំ សុភមង្គល» ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយផ្តោតលើក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម លើកកម្ពស់សុវត្ថិភាពកាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងវិស័យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងបង្កើនការទទួលបានគេហសេវាចាំបាច់នានា ដែលជាការរួមចំណែកសំខាន់ដល់ការដោះស្រាយបញ្ហារៀបចំក្រុង និងនគរូបនីយកម្ម។
ឯកឧត្តមបន្តថា កន្លងមកក្រសួង បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាវិស័យឯកជនក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន៤ គម្រោង និងបានដោះស្រាយវិវាទបុរី, ទំនាស់ដីធ្លី រួមទាំងការចុះបញ្ជី បង្ហើយ ដើម្បីបង្កើតនូវបរិយាកាសគ្មានវិវាទ។
ឯកឧត្តមគូសបញ្ជាក់បន្តថា «ខ្ញុំអំពាវនាវ និងលើកទឹកចិត្តដល់ធុរជន និងក្រុមហ៊ុនវិនិយោគ ចាប់យកកាលានុវត្តភាព នេះដើម្បីចូលវិនិយោគ ឬចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា លើវិស័យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រង់ចាំផ្តល់កិច្ចសហការសម្របសម្រួល និងផ្តល់សេវាគ្រប់យ៉ាងដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនជូនវិនិយោគិនទាំងអស់ដោយក្តីរីករាយ»។
លោក Kenn Yeo ដែលជាអ្នកអភិវឌ្ឍន៍ Metra Estate Legacy និងជានាយកប្រតិបត្តិក្រុមហ៊ុន Metra BCCJP Co., Ltd. បានឱ្យដឹងថា ការវិនិយោគគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ វិច្ឆិកានេះ ដោយមើលឃើញថា តម្រូវការលំនៅដ្ឋានក្នុងប្រទេសកម្ពុជាមិនទាន់បំពេញបាននូវតម្រូវការនៃគ្រួសារ ដែលមានចំណូលមធ្យម ដោយបច្ចុប្បន្ននេះ ប្រមាណ៤០% នៃគ្រួសារដែលមានប្រាក់ចំណូលមធ្យម នៅមិនទាន់មានលំនៅដ្ឋាន។ Metra Estate Legacy នឹងផ្តល់ជូននូវលំនៅដ្ឋានដែលមានគុណភាព និងមានទីតាំងល្អ ក្នុងតម្លៃមួយឱ្យប្រជាជនកម្ពុជា ដែលមានប្រាក់ចំណូលមធ្យម អាចទិញសម្រាប់រស់នៅ។
លោកបន្តថា «ប្រមាណជា៩០% ដែលបានចុះឈ្មោះទិញលំនៅដ្ឋានរបស់យើងនាពេលនេះ ពួកគេមិនមែនត្រឹមតែជាអ្នកទិញនោះទេ តែពួកគាត់គឺជាគ្រួសារកម្ពុជា ដែលមានប្រាក់ចំណូលមធ្យម ភាគច្រើនកំពុងស្វែងរក ផ្ទះដំបូងសម្រាប់គ្រួសាររបស់ពួកគេ»។
លោកបន្ថែមថា Metra ផ្តោតសំខាន់ជាពិសេសលើគ្រួសារ ដែលមានប្រាក់ចំណូលរួមគ្នា(ប្តីប្រពន្ធ ឬដៃគូ) ជាមធ្យមចាប់ពី ៩០០ដុល្លារ ទៅ ១២០០ដុល្លារក្នុងមួយខែ ដោយពួកគាត់ជាអ្នកធ្វើការងារ គ្រូបង្រៀន បុគ្គលិកថែទាំសុខភាព មន្ត្រីរដ្ឋាភិបាល ម្ចាស់អាជីវកម្មខ្នាតតូច អ្នកត្រួតពិនិត្យរោងចក្រ និងអ្នកជំនាញផ្សេងៗទៀត ដែលជាអ្នកបង្កើតឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។
យោងតាមការស្រាវជ្រាវរបស់ JICA ក្នុងរាជធានីភ្នំពេញ មានតម្រូវការលំនៅដ្ឋានតម្លៃសមរម្យ និងមានគុណភាព ប្រហែល ៨០០០យូនីត ជារៀងរាល់ឆ្នាំ ប៉ុន្តែហាក់មិនទាន់អាចបំពេញតម្រូវការបាននៅឡើយ៕









