សម្ដេចតេជោ ហ៊ុន សែន៖ ការដោះមីននៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវធ្វើឡើងរួមគ្នា មិនអាចធ្វើដោយឯកតោភាគីបានឡើយ


កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលត្រូវបានសម្រេចនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក គឺមានឯកភាពលើការបោសសម្អាតមីនរួមគ្នា, ពាក់ព័ន្ធនឹងករណីនេះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា ការដោះមីននេះគឺត្រូវតែធ្វើការរួមគ្នា រវាងកម្ពុជា និងថៃ ហើយភាគីថៃ មិនអាចធ្វើដោយឯកតោភាគី បានស្រេចតែចិត្តនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ។

ពាក់ព័ន្ធនឹងរឿងការដោះមីននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «ការដោះមីននេះ គឺត្រូវដោះរួមគ្នា មិនអាចដើរដោះម្នាក់ឯង ដើរដោះមីនរាយបន្លាលួសយកដីនោះទេ គឺអត់នោះទេ, ប្រធានាធិបតី ត្រាំ ជាមួយនឹងសម្តេច ហ៊ុន ម៉ាណែត បាននិយាយគ្នាពីរឿងនេះ ហើយខាងនោះ (ថៃ) ចង់ដើរដោះតែតាមចិត្ត អត់ទេ បើដោះកន្លែងណាត្រូវតែដោះរួមគ្នា»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការដោះមីនត្រូវតែមានការដោះរួមគ្នារវាងភាគីទាំង២ កម្ពុជា និងថៃ មិនមែនថៃចេះតែដើរដោះម្នាក់ឯងនោះទេ ហើយបើថៃចេះតែដើរដោះម្នាក់ឯងដូចនេះ នឹងមិនដឹងច្បាស់ថា កន្លែងណាមានមីន កន្លែងណាមិនមានមីននោះទេ ដូចនេះត្រូវតែមានការកំណត់ទីតាំងមានមីនរួមគ្នា។

សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហើយដោយមានការចូលរួមពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី កាត់បន្ថយភាពតានតឹងនៅព្រំដែន តាមរយៈការគោរពបទឈប់បាញ់ គោលការណ៍អធិបតេយ្យ និងបូរណភាពទឹកដី ដោយភាគីទាំងពីរបានឯកភាពលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម អនឡាញ ការបោសសម្អាតមីន និងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន។ ថៃក៏នឹងដោះលែងទាហានកម្ពុជា ១៨នាក់ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ៕