សម្ដេចតេជោ ហ៊ុន សែន៖ សូមកុំភ័ន្ដច្រឡំថា រាជរដ្ឋាភិបាលកាត់ដី ដើម្បីដោះដូរជាមួយសន្ដិភាពឲ្យសោះព្រោះថា បើជ្រុលកាត់ដីដោះដូរសន្ដិភាពជាមួយគេ ម្លេះមិនចាំបាច់ច្បាំងគ្នាប៉ុន្មានថ្ងៃនោះទេ!


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា សូមកុំមានភ័ន្ដច្រឡំឲ្យសោះថា រាជរដ្ឋាភិបាលកាត់ដី ដើម្បីដោះដូរជាមួយសន្ដិភាព។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ប្រសិនបើជ្រុលជាកាត់ដីដោះដូរសន្ដិភាពជាមួយគេ ម្លេះយើងមិនចាំបាច់ច្បាំងគ្នាក្នុងគ្រាប៉ុន្មានថ្ងៃនោះទេ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចតេជោអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆការ ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំសូមជូនសារដល់អ្នកដទៃទៀត និងចង់សួរថា តើចង់ឲ្យមានសង្គ្រាមទៀត ឬចង់មានសន្ដិភាព? អ្នកខ្លះគេថា កាត់ដីដោះដូរជាមួយសន្ដិភាព កន្លងមកនាយករដ្ឋមន្រ្ដីបានចេញបំភ្លឺហើយ គ្មានកិច្ចព្រមព្រៀងណាមួយនិយាយពីរឿងបាត់បង់ដីធ្លីនោះទេ មិនមាននោះទេ»

សម្ដេចតេជោបានថ្លែងបន្ដថា បទឈប់បាញ់ តើអ្វីជាគន្លឹះនៃបទឈប់បាញ់? បទឈប់បាញ់គឺមិនចល័តទ័ព មិនបន្ថែមកងទ័ព។ ចំណែកកិច្ចព្រមព្រៀងសន្ដិភាព គឺកាត់បន្ថយអាវុធធុនធ្ងន់, ដោះមីន, បង្ក្រាបបទល្មើសតាមអនឡាញជាដើម។ និយាយចំពោះការដោះមីន គឺត្រូវធ្វើការរួមគ្នាមិនមែនជាការដើរដោះមីន តែភាគីម្ខាងនោះទេ ហើយមិនអាចដោះមីនរួចរាល់ ហើយរាយបន្លាលួសឡើយ គឺមិនមានន័យដូច្នេះទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិយាយគ្នារួចរាល់អំពីកិច្ចព្រមព្រៀងរវាងគ្នា និងគ្នា ចំពោះការដោះមីននេះ គឺត្រូវជជែកគ្នាទាំងសមខាងថា ដោះមីនត្រង់ចំណុចណា ហើយការដោះមីននេះគឺត្រូវធ្វើរួមគ្នា […..]។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗថា «ដូច្នេះសូមកុំភ័ន្ដច្រឡំថា យើងកាត់ដីដោះដូរជាមួយសន្ដិភាព គឺអត់នោះទេ អត់នោះទេ ប្រសិនបើត្រូវកាត់ដីដោះដូរនឹងសន្ដិភាពមែននោះ ម្លេះយើងមិនចាំបាច់ច្បាំងនោះទេ។ កាលពេលនោះខាងភាគីនោះគម្រាមវៃយកតាក្របី, គម្រាមវ៉ៃយកប្រាសាទព្រះវិហារ ដូច្នេះប្រសិនបើចៀសវាងសង្គ្រាមម្លេះកម្ពុជាយើងឲ្យតាក្របី និងប្រាសាទព្រះវិហារទៅគេតែម្ដងទៅ ដើម្បីដោះដូរនឹងសន្ដិភាព មិនចាំបាច់វ៉ៃនោះទេ [……]»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដូច្នេះខ្ញុំក៏សូមព្រមានផងដែរចំពោះអ្នកលេងបណ្ដាញសង្គម Facebook នានា កុំរពិសដៃឲ្យសោះក្នុងការចូលខមិន (Comment) សម្រាប់ខ្ញុំគឺមិនឲ្យរួចខ្លួននោះទេ និងមិនទទួលយកការសូមទោសនោះឡើយ ខ្ញុំសូមផ្ដាំផ្ញើរទៅតែម្ដងថាមិនថា ជាព្រះសង្ឃ ឬជាព្រះហស្ថទេ សូមកុំរពឹសដៃចូលទៅខមិនឲ្យសោះ។ មួយទៀតសូមកុំច្រឡំថា ទល់តែចូលមកខមិន ក្នុងផេករបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើការស្រាវជ្រាវ គឺអត់ទេរាល់ការខមិនទៅលើផេកណាក៏ដោយ គឺមិនអនុញ្ញាតឲ្យរួចខ្លួននោះឡើយ ហើយនេះមិនមែនជាអំពើផ្ដាច់ការនោះទេ យើងអនុវត្តន៍ព្រោះតែនេះជាការចូលមកជេប្រមាថ ការចូលមកបំបាក់ទឹកចិត្តកងទ័ព»