ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ចុះសួរសុខទុក្ខស្ដ្រីខ្មែរម្នាក់ ដែលត្រូវក្រុមទាហានថៃចាប់រំលោភបូក ពេលធ្វើដំណើរប្រទេសកម្ពុជាវិញ, កម្ពុជាកំពុងប្រមូលព័ត៌មាន ដើម្បីបង្ហាញទង្វើស្មោគគ្រោករបស់ទាហានថៃ


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខស្ដ្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។

ក្រោយជួបជាមួយស្ដ្រីរងគ្រោះរួច ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា បច្ចុប្បន្ននារីរងគ្រោះហាក់មានស្មារតីល្អប្រសើរឡើងវិញ ខណៈកាលពីម្សិលមិញនាងស្ថិតក្នុងស្ថានភាពមួយភ្លេចភ្លាំង។ ប៉ុន្ដែក្រោមការយកចិត្តទុកដាក់មើលថែពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពរបស់នារីរងគ្រោះបានប្រសើរឡើងវិញផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានលើកឡើង ដោយបង្ហាញអំពីចំណាត់ការបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃនោះ គឺអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងប្ដឹងទៅអន្ដរជាតិឲ្យឃើញអំពីទង្វើដ៏ស្មោគគ្រោករបស់ក្រុមទាហានថៃ មកលើនារីរងគ្រោះដែលជាជនជាតិខ្មែរ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការសមាគមនានា កំពុងសហការគ្នាក្នុងការប្រមូលព័ត៌មាន […] យើងកំពុងរហ័សដៃរហ័សជើង ដើម្បីធ្វើការងារនេះបង្ហាញលើឆាកអន្ដរជាតិ ពីអំពើស្មោគគ្រោកដែលយើងមិនអាចទទួលយកបាន ក្នុងនាមប្រជាពលរដ្ឋដូចគ្នា»។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើការនៅប្រទេសថៃ ក្នុងករណីចង់វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម និងជូនដំណឹងមកកាន់ក្រុមគ្រួសារឲ្យបានដឹងពេលកំពុងធ្វើដំណើរ។ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង ត្រូវជូនដំណឹង ឬប្ដឹងជាបន្ទាន់ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្ដរាគមន៍៕