សម្តេចតេជោ ហ៊ុន សែន៖ ខ្មែរមិនមានសពទាហានសល់លើ​ដីថៃនោះទេ ព្រោះទាហានខ្មែរមិនបានដើរចូលដីថៃឡើយ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ខ្មែរមិនមានសពទាហាន ដែលស្អុយសល់លើទឹកដី នៃប្រទេសថៃនោះទេ ព្រោះថា ទាហានខ្មែរមិនបានដើរចូលដីថៃនោះឡើយ ខណៈសពទាហាននៅដីថៃ គឺជាទាហានថៃ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្លះ មកឃោសនាអំពីបញ្ហាថា ខ្មោចស្អុយ ទ័ពខ្មែរអត់មានខ្មោចស្អុយ ទៅលើដីគេទេ ព្រោះយើងអត់បានចូលដីអ្នកណាទេ សង្ឃឹមថា ប្រជាជនថៃស្វែងរក កូនចៅរបស់ខ្លួនដែលបាត់បង់»

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កុំភ្លេចឲ្យសោះ ខ្ញុំករុណាខ្ញុំ ក៏ជាទ័ពម្នាក់ ហើយក៏ជាទ័ពធ្លាប់ប្រយុទ្ធ […] បើអ្នកឯងមិនមែនក្បាលប៉ានដែកទេ កុំមាត់ឆៅពេក គេក៏មានកាំភ្លើង យើងក៏មានកាំភ្លើង»

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន, ខ្មោចដែលស្អុយនៅតាមទល់ដែន តើជាខ្មោចរបស់អ្នកណា បើខ្មែរអត់មានបាត់ទ័ពទេ? ហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេនោះដែរ បើថាខ្មោចនៅលើដីថៃ គឺមានតែរបស់ថៃ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អ្វីដែលសម្ដេចចង់បញ្ជាក់បន្ថែម សូមឈប់និយាយរឿងអត់បើកព្រំដែន គឺគ្មានអ្នកណាទៅសុំបើកនោះទេ ដោយសម្ដេចសុំផ្ដាំទៅកាន់ភាគីថៃ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីប្រទេសថៃបិទព្រំដែន កម្ពុជាមិនដែលសុំបើកឡើយ ហើយថៃបិទ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្ដេចប្រឆាំងដាច់ខាត ចំពោះសំណើគ្រប់ទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល ដែលស្នើបើកព្រំដែនជាមួយថៃ, យើងមិនមែនអ្នកបិទទេ ដូច្នេះកុំធ្វើថោកទៅអង្វរសុំគេ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនធ្វើថោកឲ្យថៃបើកច្រកព្រំដែនទេ៕