សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជូនពរសម្តេច នៅក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយទទួលបាននូវសារលិខិតរបស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជូនពរនាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចដែលឈានចូលមកដល់ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងសារលិខិតថ្លែងអំណរគុណរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានខ្លឹមសារទាំងស្រុងដូចនេះថា៖

នាងខ្ញុំពិតជាមានបីតិសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ ដល់រូបនាងខ្ញុំ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់នាងខ្ញុំ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ នាងខ្ញុំសូមថ្លែងនូវអំណរគុណជាអនេកប្បការចំពោះ សារលិខិតជូនពររំលេចដោយខ្លឹមសារដ៏ជ្រាលជ្រៅ និងពាក្យពេចន៍កោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ នាងខ្ញុំដែលបានដឹកនាំស្ថាប័នរដ្ឋសភា ឱ្យសម្រេចបាននូវសមិទ្ធផលនានាជូនសង្គមជាតិនាពេលកន្លងមក។ ពាក្យពេចន៍ជូនពរដ៏ប្រពៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាបានបង្ហាញនូវកាយវិការយកចិត្តទុកដាក់ខ្ពស់ ដែលមិនត្រឹមជាការផ្តល់នូវកិត្តិយស និងជំរុញកម្លាំងចិត្តដល់រូបនាងខ្ញុំប៉ុណ្ណោះទេ តែជាការលើកកម្ពស់តួនាទី ស្ត្រីជាថ្នាក់ដឹកនាំនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាពិសេសតួនាទីស្ត្រីជាថ្នាក់ដឹកនាំស្ថាប័នជាតិ ក្នុងការដឹកនាំ កសាង ស្តារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យឆ្ពោះទៅមុខលើគ្រប់វិស័យប្រកបដោយកិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងអន្តរជាតិ នាំមកនូវការការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ស្ថិរភាពនយោបាយ សុខសន្តិភាព ការពង្រឹងសមត្ថភាព និងការកែទម្រង់ស្ថាប័ន ដើម្បីជា ឧត្តមប្រយោជន៍ជូន «ជាតិ សាសនា ព្រះមហាក្សត្រ»។

ជាថ្មីម្តងទៀត នាងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងសហការី នៃកាកបាទក្រហម កម្ពុជា និងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ៕