នៅថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រាង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារជំនាញនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង ចុះពិនិត្យជាក់ស្តែងនូវទីតាំងត្រង់ចំណុចប្រសព្វរវាងគម្រោងស្ទឹងតូច និងស្ពានត្រង់ចំណុចផ្លូវលេខ៤១ ស្ថិតក្នុងភូមិសាស្ដ្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ដោយទទួលបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី និងផ្អែកលើទស្សនវិស័យ ចក្ខុវិស័យ យូរអង្វែង ក្នុងការគ្រប់គ្រងវិស័យធនធានទឹកប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ឧត្តមភាព និងឯករាជ្យភាពពេញលេញ បានធ្វើការចុះពិនិត្យជាបន្ទាន់លើស្ថានភាពត្រង់ចំណុចប្រសព្វរវាងគម្រោងស្ទឹងតូច និងស្ពានត្រង់ចំណុចផ្លូវលេខ៤១ ដែលមានបញ្ហាហូរច្រោះដាច់ក្បាលស្ពាន ដោយសារលំហូរទឹកមានចរន្តខ្លាំងនៅរដូវវស្សាកន្លងមក ហើយឯកឧត្ដមរដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមថា ក្រសួងមានផែនការធ្វើការកែតម្រូវស្ពានខុសបច្ចេកទេស ដែលមានទំហំតូចនេះ នាពេលខាងមុខនេះ៕


