(កំពងចាម)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធាន ធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការស្នើឡើងបែបនេះក្នុងវេទិការវាងរដ្ឋបាលខេត្ត និង សមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគម អង្គការសង្គម ស៊ីវិលប្រចាំខេត្តកំពង់ចាម បន្តចូលរួមឱ្យកាន់តែសកម្ម ក្នុងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងការចូលរួមគាំទ្រការកសាងសមត្ថភាព ដល់មន្ត្រីនៅរដ្ឋបាល ក្រុង-ស្រុក និងឃុំ-សង្កាត់ ការបន្តចូលរួម ពង្រឹងគណនេយ្យភាព និង ភាពជាម្ចាស់ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការផ្តល់ សេវាជូន ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាបន្ន និងមានប្រសិទ្ធភាព ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើត ឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំ ត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬ យកកម្រៃមកចែកគ្នានោះឡើយ ។ ពោលគឺត្រូវយកចិត្តទុកដាក់ក្នុងការ បំពេញកាតព្វកិច្ចឱ្យបាន ត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវ សកម្មភាពរបស់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាព បោកប្រាស់ អូសទាញ ប្រជាពលរដ្ឋតាមរយៈការចូលជាស មាជិក និងការតម្រូវឱ្យ បង់ប្រាក់ចូលមូលនិធិរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បី យកទៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបានប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន ៕

















