ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី អះអាងនឹងនាំយកក្រុមហ៊ុនជាសមាជិក ដែលមានសក្តានុពល មកពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច ចិន-អាស៊ី ដឹកនាំដោយលោក CHEN Jun អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ដោយផ្តោតសំខាន់លើការសិក្សាពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងក្របខណ្ឌតំបន់អាស៊ី។

ក្នុងជំនួបនាព្រឹកនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានគូសបញ្ជាក់អំពីឱកាសវិនិយោគដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបម្រើការជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ការវិនិយោគឯកជន, និងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលបានផ្តល់នូវភាពច្បាស់លាស់សម្រាប់វិនិយោគិន។​

ជាការឆ្លើយតបលោក CHEN Jun ក្នុងនាមគណៈប្រតិភូទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដល់គណៈប្រតិភូសមាគមបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ និងបានបង្ហាញនូវឆន្ទៈក្នុងការជម្រុញ និងនាំយកក្រុមហ៊ុនជាសមាជិកដែលមានសក្តានុពលខ្ពស់ផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃនានា មកសិក្សាពិនិត្យលទ្ធភាព និងស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕