សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលផ្ញើសារជូនពរ នៅក្នុងឱកាសខួបចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រោយទទួលបាននូវសារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសនៃពិធីចម្រើនជន្មាយុដែលឈានចូលមកដល់ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានខ្លឹមសារទាំងស្រុងដូចនេះថា៖

នាងខ្ញុំពិតជាមានបីតិសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់ សម្តេច វិបុលសេនាភក្តី ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ ដល់រូបនាងខ្ញុំ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់នាងខ្ញុំ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សូមឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ នាងខ្ញុំសូមថ្លែងនូវអំណរគុណជាអនេកប្បការចំពោះ សន្តានចិត្តដ៏ប្រពៃ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី ដែលតែងតែលើកទឹកចិត្ត និង គាំទ្រដល់ភាពជាអ្នកដឹកនាំរបស់នាងខ្ញុំ។

ពាក្យពេចន៍ជូនពរដ៏ល្អប្រពៃរបស់ សម្តេចវិបុលសេនាភក្តី គឺពិតជាការ ផ្តល់នូវមហាកិត្តិយស និងការលើកកម្ពស់គុណតម្លៃស្ត្រី និងតួនាទីស្ត្រីក្នុងសង្គមជាតិ ដែលជំរុញលើកទឹកចិត្ត ដល់ស្ត្រីគ្រប់រូប ក៏ដូចជារូបនាងខ្ញុំផ្ទាល់ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រដឹកនាំស្ថាប័នរដ្ឋសភា ឱ្យសម្រេចបាននូវការលើកកម្ពស់នីតិរដ្ឋ ការពង្រឹងតួនាទីសភា និងការទូតសភា ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ វិបុលភាព និងភាពសម្បូររុងរឿងជូនសង្គមជាតិ ប្រកបដោយកិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងអន្តរជាតិ ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ។

ជាថ្មីម្តងទៀត នាងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូម បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចវិបុលសេនាភក្តី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ៕